ព័ត៌មានជាតិ

លួចIPhone6Plus គេបានហើយ បែរជាត្រូវម្ចាស់គេរកឃើញតាមអាយខ្លោតចាប់ខ្លួនឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរសព្ទចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសម្មភាពលួចទូរសព្ទម៉ាក IPhone 6 plus ១គ្រឿងបានសម្រេច ហើយត្រូវបានម្ចាស់មើលឃើញតាមអាយខ្លោត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រឿន អាយុប្រហែលជាង៣០ឆ្នាំ រស់នៅក្រុងភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈុន សុធី អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីជនរងគ្រោះនិងមិត្តភក្តិបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិមានគ្នា៣ទៅ៤នាក់ បានចូលមើលគេលេងបាល់ទាត់ថាហ្គេតដែលមានទីតាំងនៅក្នុងភូមិព្រៃព្រីង ខាងត្បូង បានទុកទូរសព្ទម៉ាកIPhone 6plus នៅលើតុក្បែរខ្លួន ហើយជនរងគ្រោះនិងមិត្តភក្តិរវល់ជជែកគ្នា ភ្លេចមើលទូរសព្ទមួយសន្ទុះ ក្រោយមកទើបនឹកឃើញមើលលើតុ ក៏មិនឃើញ ហើយស្ទាបហោប៉ៅក៏មិនឃើញ ទើបស្រែកសួរមិត្តភក្តិផ្អើលឆោឡោ ហើយជនរងគ្រោះក៏បានខ្ចីទូរសព្ទពីមិត្តភក្តិដើម្បីឆែកមើលតាមប្រព័ន្ធអាយខ្លោត ទើបឃើញទីតាំងជនសង្ស័យហើយក៏បបួលគ្នាទៅយកទូរសព្ទមកវិញ និងចាប់ជនសង្ស័យជូនសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងមើលសំបុត្រពេទ្យទើបដឹងថា ជនសង្ស័យជាមនុស្សសសៃប្រសាទទើបឲ្យត្រឡប់ទៅវិញ៕

មតិយោបល់