ព័ត៌មានជាតិ

ផ្តន្ទាទោសជនជាតិហ្វីលីពីន ប្រុសស្រី៣នាក់ ដាក់ពន្ធនាគារ ម្នាក់៨ខែ រឿង…..

ភ្នំពេញ: នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទ ប្រុសស្រី ៣នាក់ជាជនជាតិហ្វីលីពីន ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយ:ពេល៨ខែ ពីបទ ឆបោក ដោយលួងលោមលេងល្បែងស៊ីសងបៀរ ប្លេកជេក កៀបស៊ីលុយជនរងគ្រោះអស់ចំនួន ៤៨០ដុល្លារ ប្រព្រឹត្តនៅ ផ្ទះជួលក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទរួមមានទី១ឈ្មោះ Mamerto Jr.Jalabas delema ភេទប្រុស អាយុ ៤០ឆ្នាំ ទី២ឈ្មោះ Antoinette Trongcoso Delema ភេទស្រី អាយុ ៥៣ឆ្នាំ និងទី៣ឈ្មោះ Crisanta Vichitchat ភេទស្រី អាយុ ៥១ឆ្នាំ។

ចំណែកជនរងគ្រោះមានឈ្មោះ ឈ្មោះ WARREN JAQUIN ADITA ហៅJACKI ភេទស្រី ជនជាតិអាមេរិកាំង ជាភ្ញៀវទេសចរណ៍។

នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទបានទទួលស្គាល់ថាពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់របស់តុលាការប្រាកដមែន។

គួររំលឹកថា សមត្ថកិច្ចការិយាល័យកណ្ដាលអន្តោប្រវេសន៍ ខេត្តសៀមរាប បានឃាត់ខ្លួនជនជាប់ចោទខាងលើកាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប៕

//youtu.be/MA3qSIptf-o

មតិយោបល់