បាត់ដំបងៈ វាពិតជាគួរឱ្យសង្វេកខ្លាំងណាស់ នូវគ្រាដែលបានដឹងរឿងរ៉ាវ របស់យុវជន ជានិស្សិតឆ្នាំទី៣ម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយនារីក្រមុំរូបស្រស់សោភាម្នាក់ដោយសង្ឃឹមថានឹងឈានទៅដល់ថ្ងៃចូលរោងការ ប៉ុន្តែការទន្ទឹងថ្ងៃនោះត្រូវបានរលាយទៅវិញ ដោយសារនាងក្រមុំជាគូរដណ្តឹងបានផ្តាច់ពាក្យវិញ ក្នុងគ្រាដែលយុវជនសង្ហា ជានិស្សិតនោះធ្លាក់ខ្លួនជាជនពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបរបស់ជនមានអំណាច បើកបុក ហើយមិនព្រមចូលមកដោះស្រាយតាមច្បាប់នោះទេ។
នេះគឺជា សម្រែកផ្ទាល់របស់យុវជននិស្សិតជនពិការ និងក្រុមគ្រសារបាន ស្រែកទាមទាររកយុត្តិធម៌ និងសុំឲ្យសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយរកយុត្តិធម៍ ជូនពួកគាត់ផង! ដោយសារ គ្រោះថ្នាក់ចរាចរណ៏ អ្នកបង្ករហេតុ អាងមានខ្នងអ្នកធំ មិនព្រមចូលខ្លួនដោះស្រាយ សំណងជូនពួកគាត់ឡើយ! ហើយសូម្បីតែគូរដណ្តឹង ជាទីស្រលាញ់ ក៏គេ សូមផ្តាច់ពាក្យចោលទៀត! គិតទៅ ជីវិតក្លាយជាជន ពិការ គឺវេទនាទាំងកាយ និងផ្លូវចិត្ត។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១០យប់ មានគ្រោះថា្នក់ចរាចរណ៍មួយបានកើតទ្បើង ស្ថិតក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង បង្កដោយរថយន្តម៉ាក Lexus ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AS-2222 បើកបរដោយឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានថយក្រោយកាត់ទទឹងពាក់កណ្តាលផ្លូវ ក្បែរមាត់ស្ទឹងសង្កែ មុខភោជនីយដ្ឋានអាស៊ានបៀរ ទៅប៉ះម៉ូតូមួយគ្រឿងម៉ាក Honda Click ស៊េរីឆ្នាំ២០១៦ ពណ៍ក្រហម បើកបរដោយឈ្មោះ អ៊ឹង ផៃហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជាអ្នកឌុបបណ្តាលឲ្យដួលបោកក្បាល ទៅហ្នឹងថ្នល់រងរបួសធ្ងន់(ដែលពេលនេះធ្លាក់ខ្លួនពិការ) ចំណែកអ្នកជិះពីក្រោយឈ្មោះ ថេត កន្នីកា ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល។
រឿងរ៉ាវគ្រោះថ្នាក់នេះ ត្រូវបានក្រុមគ្រួសារនិស្សិតពិការ អ្នកបង្កនោះបើករថយន្តនោះអះអាងថា គេជាអង្គរក្សសម្តេច ប៉ុន្តែមិនដឹងថាសម្តេចណាទេ។ ហើយរហូតមកដល់ពេលនេះ មានរយៈពេលជិត១ឆ្នាំហើយ អ្នកបើករថយន្តនោះ មិនទាន់ចូលមកដោះស្រាយសំណងនៅឡើយទេ ខណៈគ្រួសារកំពុងតែច្វះខាតយ៉ាងខ្លាំង រហូតដើរចងការប្រាក់គេឯង យកលុយមកព្យាបាលកូន។
រឿងគ្រោះថ្នាក់ចរាចរណ៍នេះ សុំណុំរឿងនៅក្នុងដៃចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្តបាត់ដំបងនៅឡើយ ប៉ុន្តែចំណាត់ការរបស់មន្ត្រីតុលាការខេត្តមិនទាន់ចាត់ការនោះទេ។
យុវជននិស្សិតរងគ្រោះធ្លាក់ខ្លួនពិការ និងក្រុមគ្រួសារ បានលើកម្រាមដៃដប់ សូមអង្វរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ជួយរកយុត្តិធម៍ដល់ពួកគាត់ដោយក្តីអនុគ្រោះផង និងឱ្យសាលាដំបូងខេត្តបាត់ដំបង មេត្តាជួយពន្លឿនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះផង ដោយខណៈនេះគ្រួសារជនរងគ្រោះខ្វះខាតខ្លាំងណាស់៕
https://youtu.be/iEb3B_IX06Q
មតិយោបល់