ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោមបក្ខពួកប្រហែល២០នាក់!

តាកែវៈ លោក ឆាយ សាវុធ អធិការក្រុងដូនកែវ បានប្រាប់Post Newsថា មានករណីក្មេងស្ទាវមួយក្រុម បានបង្កហិង្សាដោយចេតនាវាយទៅលើអ្នកដ៏ទៃ ត្រូវបានសមត្ថកិច្ចក្រុងដូនកែវចាប់ឃាត់ខ្លួនបាន៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (សួនច្បារមុខមហោស្របខេត្តតាកែវ)។

ចំពោះករណីនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ឃិន គឹមលី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ ចង កា ភេទប្រុស រសនៅភូមិឃុំមិនស្គាល់។ ក្រោយមកក៏បន្តឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត។ រីឯជនរងគ្រោះមានឈ្មោះ អៀង ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអង្គតាកុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវរងរបួសបែកបបូរមាត់ខាងក្រោមនិងដួលសន្លប់។ វត្ថុតាងចាប់យករួមមាន ដាវសាំម៉ូរៃ២ដើម។

ប្រភពដដែលបានបន្ថែមទៀតថា ហេតុការណ៍នេះកើតឡើងដោយសារជនសង្ស័យ ឃិន គឹមលី និង ចង កា បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ អៀង ផាន់ណា បណ្ដាលឲ្យរងរបួសបែកបបូរមាត់ក្រោមនិងដួលសន្លប់ ហើយបើតាមដំណើររឿង ករណីនេះបង្កឡើងដោយមនុស្សមួយក្រុមមានគ្នាប្រហែល២០នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ ស្ទើរគ្រប់ដៃ និងម៉ូតូប្រហែល២០គ្រឿង បានបង្កហិង្សារវាយតប់គ្នាទៅលើភាគីម្ខាងទៀត បណ្តាលឲ្យភាគីរងគ្រោះភ័យព្យាយាមរត់បណ្តាឲ្យមានរបួសដួលសន្លប់។ ចំណែកម៉ូតូត្រូវក្រុមជនបង្កដែលជាក្មេងទំនើងខាងលើ កាប់ប្រហារ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ លុះក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវឃាត់ខ្លួន៤នាក់នេះ តែម្តង យកមកធ្វើការសាកសួរ ទើបដឹងថា ក្រុមក្មេងទំនើងខាងលើនេះ បានធ្វើសកម្មភាពវាយតប់ទៅលើក្រុមជនរងគ្រោះម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុន លុះដល់ថ្ងៃទី៦ ខែមិថុនា ម្សិលមិញនេះ ក៏បាននាំបក្ខពួក មកបង្កហិង្សារម្តងទៀត។ក្រោយពីសាកសួរ សមត្ថកិច្ចបានធ្វើតេស្តពិនិត្យរកសារធាតុញៀន រកឃើញក្នុងចំណោមពួកគេទាំង៤នាក់ មានម្នាក់ដែលមានផ្ទុកសារធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួននិងនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់