ព័ត៌មានជាតិ

កំពុងអង្គុយផឹកទឹកត្នោតជូរសុខៗ ស្រាប់តែមានក្រុមក្មេងទំនើងមកកាប់សុសខ្លួន

ភ្នំពេញៈ យុវជន៣នាក់បាននាំគ្នាទៅអង្គុយផឹកនៅរោងទឹកត្នោតជូរមួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈកំពុងអង្គុយផឹកស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវមកធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់រត់ឲ្យគេឯងជួយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផាវ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងផ្សាដែក មានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែក២នាក់ទៀតរស់នៅភូមិជាមួយគ្នា។

យោងតាមព័ត៌មានសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់មកអង្គុយផឹកទឹកត្នោតជូរ នៅកន្លែងដីឡូមួយកន្លែងខាងកើតផ្សារទួលពង្រ ខណៈកំពុងអង្គុយផឹកសុខៗស្រាប់តែមានក្រុមក្មេងទំនើងមានគ្នា៥ទៅ៦នាក់ប្រដាប់ដោយដាវសាំម៉ូរៃ មកកាប់ប្រហារ បណ្តាលឲ្យជនរងគ្រោះត្រូវជាច្រើនកាំបិតហូរឈាមស្រោចខ្លួនរងរបួសធ្ងន់។ ហើយជនរងគ្រោះក៏រត់ចេញពីការកាប់ប្រហារបស់ក្រុមក្មេងទំនើង ដើម្បីឲ្យអ្នកជិតខាងជួយ ចំណែកក្រុមជនដៃដល់បានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះឈ្មោះផាវ ត្រូវបានរត់ទៅមន្ទីរពេទ្យឯកជនមួយកន្លែងតែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកក៏ហៅរថយន្តកងពលតួច៧១១មកបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ ។ រីឯជនរងគ្រោះ២នាក់ទៀតបានរត់ទៅមន្ទីរពេទ្យដោយខ្លួនឯង។

បើតាមសម្តីបុរសម្នាក់ដែលអះអាងថាត្រូវជាពូរបស់ឈ្មោះផាវ បានឲ្យដឹងថា ជនរងគ្រោះទើបតែមកពីស្រុកឡើងមកភ្នំពេញមួយរយៈក្រោយពេលបោះឆ្នោតឃុំសង្កាត់នេះទេ៕

មតិយោបល់