ព័ត៌មានជាតិ

ពលរដ្ឋចាំមើលលោកអភិបាលខេត្តអាចចាត់ការអ្នកយកឈ្មោះសម្តេចតេជោមកប្រើ ដើម្បីយកដី និងឈូសឆាយដីព្រៃរដ្ឋបានឬទេ?

កំពង់ឆ្នាំងៈប្រជាពលរដ្ឋដែលរស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងរង់ចាំមើលចំណាត់ការរបស់អភិបាលខេត្ត គឺលោក ឈួ ចាន់ឌឿន លើអ្នកដែលយកឈ្មោះសម្តេចតេជោ នាយករដ្ឋមន្រ្តីមកប្រើ ដើម្បីយកដី និងឈូសឆាយដីព្រៃ ដើម្បីយកទៅលក់ឲ្យឈ្មួញបន្ត។

ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងជាច្រើនគ្រួសារ ដែលជាជនរងគ្រោះដោយត្រូវឈ្មោះ ម៉ៅ វឿន ជាឈ្មួញមានគ្រឿងចក្រឈូសឆាយដីដ៏ច្រើននៅក្នុងឃុំក្រាំងស្គារ, ឈ្មោះ សោម សុត មេភូមិក្តុល និង អៀ គុយម៉ុង ហៅក្តាន់ បានឃុបឃិតគ្នាយកលុយ១០០ដុល្លាទៅចែកជូនពួកគាត់ថា ជាអំណោយរបស់សម្តេចតេជោ ដើម្បីយកស្នាមមេដៃពួកគាត់មកធ្វើសាលកបត្របន្លំធ្វើប័ណ្ណយកដីព្រៃរដ្ឋនោះ កំពុងមានប្រតិកម្មខ្លាំង និងសំណូមពរឲ្យលោកអភិបាលខេត្ត និងតុលាការខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ក្រោយពេលក្រុមការងារចម្រុះថ្នាក់ខេត្តបានរកឃើញកំហុសជាច្រើនពាក់ព័ន្ធនឹងអ្នកទាំង៣ខាងលើ។

បើគិតមកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ គឺមានរយៈពេលប្រមាណជិត៤ខែហើយ ដែលឈ្មោះ ម៉ៅ វឿន, សោម សុត, និងឈ្មោះ អៀ គុយម៉ុង ហៅក្តាន់ មិនទាន់ត្រូវបានស្ថាប័នណាមួយចំណាត់ការនៅឡើយ រាប់ទាំងអាជ្ញាធរខេត្តកំពង់ឆ្នាំងផងដែរ។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាជនរងគ្រោះបានបន្ថែមឲ្យដឹងថា៖ ដីព្រៃរបស់រដ្ឋជាច្រើនរយហិកតា ត្រូវឈ្មោះ សោម សុត មេភូមិក្តុល, អៀ គុយម៉ុង,និងឈ្មោះ ម៉ៅ វឿន ជាឈ្មួញរកស៊ីឈូសឆាយដីដ៏ខ្លាំងមហិមានៅក្នុងទឹកដីស្រុកទឹកផុសរំលោភយកទៅលក់ឲ្យឈ្មួញបន្ត ដោយយកលេសថាដីប្រជាពលរដ្ឋមានប្លង់កាន់កាប់មិនត្រឹមត្រូវ។ អ្នកទាំង៣នាក់នោះបានចែកលុយ១០០ដុល្លាក្នុង១គ្រួសារ ដោយបានប្រាប់ពលរដ្ឋថា ជាលុយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ឲ្យ និងបានឲ្យពលរដ្ឋផ្តិតមេដៃជាច្រើនរយគ្រួសារ យកទៅធ្វើសាលកបត្រក្លែងក្លាយដើម្បីបន្លំធ្វើប័ណ្ណសំគាល់សិទ្ធលើដីព្រៃរបស់រដ្ឋ យកទៅលក់បន្តឲ្យឈ្មោះ មាស សាក់ ជាយោធានៅភ្នំពេញ ដែលប្រជាពលរដ្ឋបានចោទថា ទង្វើរបស់អ្នកទាំង២ខាងលើ គឺជាសកម្មភាពសំលាប់ប្រជាពលរដ្ឋស្លូតត្រង់ដោយត្រជាក់បំផុតប្រសិនបើពលរដ្ឋមិនបានដឹងទាន់នោះ។

ម្យ៉ាងវិញទៀតរយៈពេលជាច្រើនខែកន្លងមកនេះ ឈ្មោះ ម៉ៅ វឿន បានដាក់គ្រឿងចក្រចូលឈូសឆាយដីព្រៃរបស់រដ្ឋដោយមិនដែលសុំអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាឡើយ ហើយក៏មិនដែលកោតខ្លាចអ្នកណាដែរ សូម្បីលោកអធិការនគរបាលស្រុកក៏គេមិនស្តាប់ផង។ ពលរដ្ឋឆ្ងល់ថា ឈ្មោះ ម៉ៅ វឿន មានខ្នងធំ ឬគេអាងអំណាចទឹកប្រាក់ បានជាគេធ្វើព្យុះភ្លៀងបានតាមអំពើចិត្ត ឬមួយក៏អាជ្ញាធរស្រុកទឹកផុស និងសមត្ថកិច្ចជាកូនអុករបស់ ម៉ៅ វឿន ឬត្រូវថ្នាំសណ្តំ??ព្រោះ ម៉ៅ វឿន ដាក់គ្រឿងចក្រមិនសុំច្បាប់ឈូសដីព្រៃរដ្ឋរាប់ខែ ហេតុអីបានជាគេមិនដឹង ហេតុអីបានជាមិនឃាត់ពេលចុះទៅឃើញហើយចឹង?? ពលរដ្ឋក៏ចាំមើលដែរ តើលោកអភិបាលខេត្តអាចចាត់ការឈ្មួញទាំំង៣នេះបានឬអត់?? ឬក៏អាជ្ញាធរខេត្តអាចធ្លាក់ចូលស្នាមភ្លោះរបស់ ម៉ៅ វឿន និង សោម សុទ្ធ ដូចអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក??។

ប្រជាពលរដ្ឋសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យជួយវែកមុខជនអគតិមួយចំនួន និងបក្ខពួកដែលកំពុងបំផ្លាញដី និងព្រៃឈើរបស់រដ្ឋដើម្បីប្រយោជន៍ខ្លួនផង បើពុំនោះទេដីព្រៃរដ្ឋរាប់ពាន់ហិកតាទៀតនឹងត្រូវជនទាំង៣នេះបំផ្លាញខ្ទេចគ្មានសល់មិនខានឡើយ។

មកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ជុន ថារិទ្ធ ប្រធានក្រុមការងារថ្នាក់ខេត្តបានឲ្យដឹងថា គ្រាន់តែនៅថ្ងៃចុះពិនិត្យស្រាវជ្រាវដំបូង ក្រុមការងារបានរកឃើញដីព្រៃរបស់រដ្ឋគ្មានប័ណ្ណដែលត្រូវឈ្មោះ ម៉ៅ វឿន និងឈ្មោះ សោម សុទ្ធ ឈូសឆាយរួចហើយមានប្រមាណជិត១០០ហិកតា ហើយក្រុមការងារបានបូកទិន្នន័យឃើញឈូសដីព្រៃរដ្ឋគ្មានប័ណ្ណ៩០ហិកតា។ ចំណែកលុយចែកពលរដ្ឋថាជាលុយសម្តេចតេជោផ្តល់ឲ្យនោះ យើងបានរកឃើញហើយ គឺជាលុយរបស់ឈ្មោះ អៀ គុយម៉ុង ហៅក្តាន់ រស់នៅឃុំពង្រ ស្រុករលាប្អៀរ គឺគេបានឲ្យលុយចំនួន១៤.០០០ដុល្លា(មួយម៉ឺនបួនពាន់ដុល្លា) ដើម្បីឲ្យឈ្មោះ ម៉ៅ វឿន និងឈ្មោះ សោម សុត រៀបដីព្រៃរបស់រដ្ឋឲ្យខ្លួនរួចលក់ចំណេញបន្តទៅទៀត តែក្រុមការងារបានបញ្ជូនសំណុំរឿង និងរបាយការណ៍ទៅជូនលោកអភិបាលខេត្តដើម្បីពិនិត្យសំរេចរួចហើយ។

ដោយឡែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនាថា ករណីប្រជាពលរដ្ឋប្តឹងថាមានគេយកឈ្មោះពួកគាត់ទៅរំលោភឈូសឆាយយកដីព្រៃរបស់រដ្ឋនោះ លោកបានទទួលរបាយការណ៍ពីក្រុមការងាររួចហើយ តែមិនទាន់បានពិនិត្យរបាយការណ៍នោះនៅឡើយ ព្រោះលោកជាប់រវល់យុទ្ធនាការចែកទឹកស្អាតជូនពលរដ្ឋ និងការចែកអត្តសញ្ញាណប័ណ្ណ។

ដោយឡែកថ្មីៗនេះ បានពិនិត្យដោះស្រាយចំនួន៣ករណីគឺ ដីទំនាស់រវាងពលរដ្ឋនៅឃុំអញ្ចាញរូង និងខ័ណ្ឌរដ្ឋបាលព្រៃឈើ, រឿងវិវាទប្រើប្រាស់ទឹកចេញពីទំនប់២០ឧសភា និងរឿងឈ្មួញកាប់ជ្រូកតវ៉ាសុំបន្ថយអ្នកកាប់ជ្រូក។ លោកអភិបាលខេត្ត បានបន្តថា នឹងពិនិត្យ ហើយចាត់ការរឿងនេះមិនទុកឲ្យជនខិលខូចបំផ្លាញព្រៃរបស់រដ្ឋឡើយ។

ពលរដ្ឋថា ករណីឲ្យចុះទៅឃាត់គ្រឿងចក្រនោះ គឺក្រុមការងារមិនបានឃាត់ទេ ហើយខាងរដ្ឋបាលព្រៃឈើក៏មិនបានចាប់ឃាត់ដែរ ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង ព្រោះតំបន់នោះជាដីព្រៃរបស់រដ្ឋស្ថិតក្រោមការគ្របើគ្រងរបស់រដ្ឋបាលព្រៃឈើ??។ ដោយឡែកឈ្មោះ ម៉ៅ វឿន បានអួតអាងថា គេនៅសល់ដីព្រៃនៅជាប់តំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់មិនមានប្លង់ប្រមាណជាង១០ហិកតាទៀត ហើយបានអំពាវនាវលក់ក្នុងតំលៃ១.២០០ ទៅ១.៤០០ដុល្លាក្នុង១ហិកតាទៀតផង????៕ចំពោះដីលោកឧត្តមសេនីទោ មាស សាក់ ខាងយោធាដែលបានទិញដីពីឈ្មោះ ម៉ៅ វឿន រាប់សិបហិកតាគ្មានប្លង់ដែរនោះ ក៏កំពុងដាក់ស្វាយដាំយ៉ាងរំភើយមិនមានអ្នកឃាត់ឃាំងឡើយ៕

photo_2016-06-09_21-24-54photo_2016-06-09_21-24-59photo_2016-06-09_21-25-03photo_2016-06-09_21-25-07

មតិយោបល់