អ៊ីរ៉ង់ៈ ការបាញ់ប្រហារមួយ បានកើតទ្បើងនៅសភាអ៊ីរ៉ង់ បណ្តាលឲ្យឆ្មាំសន្តិសុខម្នាក់ស្លាប់ ខណៈដែលការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកមួយទៀត នៅឯទីតាំងផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini ក្នុងទីក្រុងតេអេរ៉ង់ បង្កឲ្យរងរបួសមនុស្សជាច្រើន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៧។
ជនបង្កបានបើការវាយប្រហារនៅកន្លែងទីភ្នាក់សន្តិសុខ នៅក្នុងសភា រួចបន្ទាប់មករត់គេចខ្លួនចេញពីអគារនោះ ដោយឥទ្បូវនេះ កំពុងលាក់ខ្លួន នៅទីតាំងណាមួយ។
តំណាងរាស្រ្តលោក Akbar Ranjbarzadeh បានប្រាប់ទូរទស្សន៍រដ្ឋ IRIB ថា មនុស្សប្រដាប់ដោយអាវុធបួននាក់ បានចូលសភា Majlis នៅព្រឹកថ្ងៃពុធ បន្ទាប់មកចាប់ផ្តើមបើកការបាញ់ប្រហារ។
ក្នុងនោះលោក Ranjbarzadeh បាននិយាយថា មកទល់ពេលនេះ ក្រុមអ្នកវាយប្រហារ កំពុងនៅខាងក្នុង Majlis ហើយក៏មានសមាជិកសភាមួយចំនួន នៅទីនោះផងដែរ។
តាមរបាយការណ៍ បានឲ្យដឹងថា ច្រកចូល និងច្រកចេញ Majlis ត្រូវបានកងកម្លាំងសន្តិសុខបិទ ដើម្បីគ្រប់គ្រងស្ថានភាព ខណៈដែលអ្នករងរបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកឯការវាយប្រហារមួយទៀត នៅទីក្រុងតេអេរ៉ង់ ដោយបុរសម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯផ្នូររបស់លោក Ayatollah Khomeini ដោយបណ្ដាលឲ្យមនុស្ស ០៨នាក់រងរបួស៕
មតិយោបល់