ព័ត៌មានជាតិ

ឆក់ទូរសព្ទIPhone 6Plus គេបានសម្រេចកម្មក្រាស់គេចមិនផុតជាប់ខ្នោះសមត្ថកិច្ចម្នាក់!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់យកទូរសព្ទដៃម៉ាកIPhone 6Plus មួយគ្រឿងពីស្ត្រីជាជនរងគ្រោះម្នាក់បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ដួង សុខហួ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបាញ់ថ្នាំតុទូ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់ ជាមួយនិងបុរសម្នាក់ ដោយកាន់ទូរសព្ទដៃម៉ាក IPhone 6plus នៅខាងក្រោយនោះ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង បានមកធ្វើសកម្មភាពឆក់យកតែម្តង ហើយក៏នាំគ្នាជិះដេញចាប់បានម្នាក់ខាងលើ ប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចនិងម្នាក់ទៀតរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចំណែកឯបុរសជាជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់