ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រូវចោរឆក់កាបូបសំណាងមិនសម្រេច

ភ្នំពេញៈ នារីស្រស់សោភាវ័យ២៥ឆ្នាំម្នាក់ ជិះម៉ូតូចេញពីធ្វើការ ត្រូវជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបនាងតែមិនសម្រេចបណ្តាលឲ្យដួលរងរបួសស្រាល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២៤នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវឧកញ្ញាម៉ុង ឬទ្ធី ក្នុងភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរូបស្រស់សោភាខាងលើមិនត្រូវបានស្គាល់ឈ្មោះនិងអាស័យដ្ឋាននោះទេ នាងគ្រាន់តែនិយាយថា មានអាយុ២៥ឆ្នាំ និងជាបុគ្គលិកអង្គការអន្តរជាតិមួយហើយស្នាក់នៅក្បែរៗកន្លែងកើតហេតុ។

ម៉ូតូដែលនាងជិះម៉ាក ស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FS-4273។ចំណែកម៉ូតូរបស់ជនសង្ស័យម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស៊េរីនិងស្លាកលេខ។

ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូចេញពីធ្វើការ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមិនចាំម៉ាក និងស្លាកលេខ (តែអ្នកឃើញហេតុការណ៍ថាម៉ាកហុងដាឌ្រីម) បានធ្វើសកម្មភាពឆក់កាបូបដែលនាងស្ពាយតែមិនបានសម្រេច ក៏ដួលទាំងនាងនិងជនសង្ស័យបណ្តាលឲ្យនាងរងរបួសស្មងជើងនិងក្បាលជង្គង់ ខណៈនោះជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុនារីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេព្រោះយល់ឃើញថារងរបួសស្រាលនិងមិនបានបាត់បង់កាបូបនិងសម្ភារៈតែប្រការដែលគួរឲ្យកត់សម្គាល់នោះ នាងហាក់ដូចជាញ័រ និងភ័យមិនហ៊ានជិះម៉ូតូទៅផ្ទះដោយខ្លួនឯងភ្លាមៗទេ ក៏បានហៅទូរសព្ទទៅបងប្រុសរបស់នាងមកទទួលទៅផ្ទះ៕

មតិយោបល់