ភ្នំពេញៈ រថយន្តរត់ឈ្នួលម៉ាកសាំយ៉ុង ១២កៅអី មួយគ្រឿងបានបើកធ្លាក់ប្រឡាយទឹកស្អុយនៅស្ទឹងមានជ័យ ខណៈដែលកំពុងតែបើកសុខៗ លុះដល់ចំណុចផ្លូវបំបែកជា ៤ ក៏ស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបើកឆ្លងកាត់ពីមុខធ្វើឲ្យអ្នកបើកបរមានភាពស្លន់ស្លោក៏បួងចង្កូតធ្លាក់ប្រឡាយទឹកស្អុយតែម្តង សំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៧ នៅចំណុចផ្លូវដួងងៀប២ (ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌសែនសុខ) ភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2U-9744 មួយគ្រឿង បើកបរដោយបុរសម្នាក់តែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ដែលជាផ្លូវបំបែកជា ៤ នោះ ក៏ស្រាប់តែមានម៉ូតូជាច្រើនគ្រឿង ហើកឆ្លងកាត់ខាងមុខ ពេលឃើញបែបនោះ បុរសអ្នកបើកបរដោយមានភាពស្លន់ស្លោខ្លាចបុកក៏បួងចង្កូតគេចទៅខាងឆ្វេងដៃបណ្តាលអោយធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយតែម្តង សំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រាន់តែបណ្តាលឲ្យកំពិតរថយន្តអស់មួយចំហៀងខូចខាតយ៉ាងដំណំប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ដោយសារតែរថយន្តសាំយ៉ុងខាងលើធ្លាក់ទៅក្នុងប្រឡាយដោយខ្លួនឯង មិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬមិនបណ្តាលឱ្យប៉ះពាល់ដល់សម្បត្តិសារធារណៈនោះ ទើបកម្លាំងមានសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានអនុញ្ញាតិឲ្យហៅរថយន្តមកស្ទូចយកទៅវិញបាន៕
មតិយោបល់