ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការឆបោកតាមទូរសព្ទមួយ នៅវេលាល្ងាចថ្ងៃនេះ តាមរយៈទំព័រ Facebook ផ្លូវការរបស់ក្រសួង ឱ្យមហាជនទូទៅ រួមទាំងមន្រ្តីរាជការផងដែរ មានការប្រុងប្រយ័ត្នចំពោះលេខទូរសព្ទ ៤ ខ្សែ។
លេខទូរសព្ទទាំង ៤ ខ្សែនោះរួមមាន ០៩៧ ៩២៤ ៨៩៩៩, ០៩៧ ៥៩៨ ១៣៣៣, ០១២ ៨៣៧ ៨៥១, និង ០១២ ៨៣៧ ៩០៣ បានហៅទូរសព្ទមកកាន់លោកប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងមន្រ្តី ដោយប្រាប់ថាជាជំនួយការរបស់ ឯកឧត្តម ឈូន ដារ៉ា និងបានឱ្យវេរលុយជាបន្ទាន់ចំនួន ៣០០ ដុល្លារ ដើម្បីរត់ការរឿងដំឡើងកាំប្រាក់ ដោយហេតុថាឯកសារនៅត្រឹមទីស្តីការគណៈរដ្ឋមន្រ្តីនៅឡើយ ដែលទាំងនេះ គឺជាការប្រឌិតឡើងទាំងស្រុង។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានការឆបោកតាមទូរសព្ទតាមវិធីផ្សេងៗគ្នា ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ថតជាវីដេអូទុក និងចែកបន្តគ្នាឱ្យមានការប្រុងប្រយ័ត្នជាហូរហែ ដោយជនឆបោកទាំងនោះ ច្រើនប្រើវិធីភូតកុហកដូចជា ប្រាប់ថាលោកអ្នកត្រូវរង្វាន់ធំ ឬឆ្នោតរង្វាន់អ្វីមួយជាដើម បន្ទាប់មក ពួកគេតម្រូវវេរប្រាក់ចូលទៅកាន់គណនីណាមួយជាមុន៕
មតិយោបល់