ភ្នំពេញៈ យុវជន២នាក់ បានដួលម៉ូតូ ហើយត្រូវក្រុមក្មេងទំនើងជាង១០ម៉ូតូ ដេញតាមវាយ បណ្តាលឲ្យរងរបួស ពេលជិះជួបគ្នាតាមផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១១យប់ រំលងអធ្រាត្រ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៧ ។
យុវជនរងគ្រោះទាំង២នាក់បាននិយាយថា ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GF-4013 ចេញពីមើលបាល់នៅស្តាតអូឡាំពិក ហើយពេលនោះ ពួកគេមានគ្នា៦ នាក់ជាមិត្តភក្តិ ក៏នាំជិះម៉ូតូ៣គ្រឿង ទៅលេងនៅហើយកោះពេជ្របន្ត រួច ហើយពួកគេ ក៏នាំគ្នាជិះម៉ូតូត្រលប់មកផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែជិះមកដល់ម្តុំក្តាន់ពីរ ក៏ឃើញមនុស្សក្រុមមានគ្នាជាច្រើន ដោយជិះម៉ូតូជិត១០គ្រឿង ។
ហើយពេលមនុស្សមួយក្រុមនោះ ក៏ជិះដេញតាមវាយពួកគេជា( ជនរងគ្រោះ ) រហូតមកដល់ចំណុចខាងកើតជិតដល់ ស្ពានអាកាស៥មករា ក៏ពួកគេជនរងគ្រោះព្យាយាមគេចពី ក្រុមក្មេងទំនើងដេញវាយនោះ ក៏ធ្វើម៉ូតូរ៉េចង្កួតទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលម៉ូតូ ក៏ត្រូវបក្ខពួកក្មេងទំនើងនោះ ចុះមកវាយបណ្តាលឲ្យរងរបួសស្រាល ។ ដោយស្ថានភាពពេក ព្រោះឃើញក្រុមក្មេងទាំងអស់នោះ មានទាំងខ្សែក្រវ៉ាត និងដាវសាំម៉ូរៃ ពួកគេជាជនរងគ្រោះក៏ព្យាយាមរត់ចូលកន្លែងម៉ាតរបស់ស្ថានីប្រេង សូគីមិច ដើម្បីឲ្យគេឯងជួយ ។
ទោះជាយ៉ាងណា ក្រុមក្មេងទំនើងដែលដេញជនរងគ្រោះនោះ មិនអស់ចិត្ត ក៏នាំគ្នាទៅវៃម៉ូតូរបស់ជនរងគ្រោះដែលដួលនោះ បណ្តាលឲ្យបែកស្តុប ហើយនិងដកយកសោម៉ូតូរបស់ជនរងគ្រោះ យកទៅបាត់ទៀត ។
ក្រោយកើតហេតុ ក្រុមក្មេងទំនើងបានចេញបាត់គ្មានខ្លាចញញើត អ្វីបន្តិច ហើយប្រហែល១០នាទី ទើបគេបានឃើញមានសមត្ថកិច្ចចុះមកសាកសួរជនរងគ្រោះ ថាមានរឿងអ្វីកើតឡើង ។
យុវជនរងគ្រោះបានបន្តថា គេមិនចង់ពាក្យបណ្តឹងអ្វីឡើយ ហើយពួកគេក៏ហៅម៉ូតូកង់បីដឹកយកម៉ូតូត្រលប់ទៅផ្ទះវិញភ្លាមៗ តែម្តង ៕
មតិយោបល់