ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្លោងកន្ទុយលេខ៣នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ: ដោយមានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងនោះ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងអាវុធហត្ថស្រុកបសេដ្ឋ ចំនួន១២នាក់ បានចុះបង្រ្កាបក្រុមមេកន្ទុយលេខមួយសំបុក នៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។

សមត្ថកិច្ចបានឲ្យដឹងថា មេខ្លោងកន្ទុយលេខទាំង៣នាក់នេះ គឺសកម្មខាងកត់កន្ទុយលេង ដោយក្នុងនោះរួមមានទី១ឈ្មោះ ស្រេង រតនា អាយុ៣៣ឆ្នាំ, ទី២ឈ្មោះ ខិន ពុទ្ធា ភេទស្រី អាយុ២៥ឆ្នាំ និងទី៣ឈ្មោះ ពិល ទុង អាយុ១៧ឆ្នាំ។

ក្នុងការបង្ក្រាបនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ប្រាក់៣៣ម៉ឺនរៀល,ទូរសព្ទដៃ៣គ្រឿង, ម៉ូតូ១គ្រឿង,ប៊ិច១៩ដើម ,ហ្វឺត៤ដើម, កាស្យូ២គ្រឿង,ត្រាវាយក្រដាស់ឆ្នោត១,សៀវភៅឆ្នោត៤ក្បាល,ក្រដាស់កត់ឆ្នោតរួច៤សន្លឹក,កាបូន២ដុំ,បន្ទាត់១ និងទឹកលុប២ដើម ប្រដាប់កិបក្រដាស់១។

ប្រភពដដែលបានបន្តថា ជនសង្ស័យ និងវត្តុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់