ព័ត៌មានជាតិ

ចុម! បុរសម្នាក់ធ្លាក់ពីលើអគារជាន់ទី២០ មកទើលើសំណាញ់ក្រោមជាន់ទី៦ រយៈពេល១ម៉ោងក្រោយ ទើបឭស្រែកឲ្យជួយ!..

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ស្ទើរតែនឹងស្លាប់បាត់បង់ជីវិត បន្ទប់ពីធ្លាក់ពីលើអគារកម្ពស់ជាន់ទី២០ មកទើរលើសំណាញ់ក្រោមជាន់ទី៦ បណ្តាលឲ្យរងរបួសធ្ងន់ អស់រយៈពេលជាង១ម៉ោងទើបមានគេឮសំលេងស្រែកឲ្យជួយ ទើបបង្កឲ្យ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២៥នាទីនៅចំណុចអគារដែលកំពុងសាងសង់ ស្ថិតខាងក្រោយក្រសួងមហាផ្ទៃ សង្កាត់បឹងកេងកង ខណ្ឌចំការមន ។

ជនរងគ្រោះដែលធ្លាក់ពីលើអគារខាងលើ មានឈ្មោះ ពុល ប៊ុន អាយុ២២ឆ្នាំ មុខរបរជាងបៀកស៊ីម៉ង់ត៍ ស្នាក់នៅកន្លែងកើតហេតុជាអគារសំណង់ដែលកំពុងសាងសង់ ដោយមានស្រុកកំណើតនៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពេលដែលចប់ពីការងារ ជនរងគ្រោះបានទៅអង្គុយលេងនៅខាងក្រោម ហើយក៏បានឡើងទៅលើជាន់ទី២០វិញ ដែលជាកន្លែងរបស់ជនរងគ្រោះសម្រាកតែមិនដឹងមូលហេតុអ្វីបានជាម៉ោងកើតហេតុខាងលើស្រាប់តែឃើញធ្លាក់ទើ លើសំណាញ់ជាន់ទី៦ជាមួយទូរសព្ទអិនចុចពិល១គ្រឿងទើបនាំគ្នាជួយសែងជនរងគ្រោះដាក់ចុះមកក្រោមតែម្តង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា ម្តាយរបស់ជនរងគ្រោះទើបតែស្លាប់បាន២ថ្ងៃទេ ហើយមើលទៅជនរងគ្រោះហាក់ដូចជាមនុស្សគ្មានព្រលឹង ពេលដែលនិយាយជាមួយម្តងៗ តែគ្មាននរណាដឹងថាជនរងគ្រោះធ្លាក់ពីលើអាគារនេះដោយសារមូលហេតុអ្វីទេ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទូរសព្ទហៅរថយន្តសាមុយដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕

មតិយោបល់