ព័ត៌មានជាតិ

អគារចាស់សាលារាជធានីភ្នំពេញ កែលម្អឲ្យមានសាលប្រជុំធំ៤ សម្រាប់ទទួលគណៈប្រតិភូ និងបើកកិច្ចប្រជុំផ្សេងៗ

ភ្នំពេញៈ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ បាននិមន្តព្រះសង្ឃជាច្រើនអង្គមកប្រោះព្រំលើករាសីឡើងសាលប្រជុំថ្មីចំនួន៤ទៀត ក្រោយពីធ្វើការជួសជុលកែលម្អឡើងវិញ នៅជាន់ទី២ នៃអាគារចាស់របស់សាលារាជធានីភ្នំពេញ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលសាលារាជធានីភ្នំពេញ ជាច្រើននាក់ទៀត។

សាលប្រជុំ នេះនឹងក្លាយជាកន្លែងទទួលគណប្រតិភូ ឬបើកសិក្ខាសាលា និងកិច្ចប្រជុំនានាបានសមរម្យ។ ការសូត្រមន្តឡើងសាលប្រជុំថ្មីនេះ ធ្វើឡើងស្របពេលដែលសាលារាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងប្រើប្រាស់ភាសារបារាំង (A.I.M.F) ថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ និងការត្រៀមទទួលគណប្រតិភូទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ សាលារាជធានីភ្នំពេញ ទើបបានសម្ពោធអគាររដ្ឋបាលឯកភាពថ្មី មានកម្ពស់១២ជាន់ ដែលប្រព្រឹត្តទៅក្រោមអធិបតិភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាអគាររដ្ឋបាលឯកភាពដំបូង នៅក្នុងសាលារាជធានីភ្នំពេញ ដែលជាសមិទ្ធផលថ្មី រួមទាំងចំណតក្រោមដី៣ជាន់ ដែលអាចចតរថយន្តបានជាង២០០គ្រឿង ផងដែរ។

គិតមកដល់ពេលនេះ សាលារាជធានីភ្នំពេញ មានសាលប្រជុំធំចំនួន៤ ទាំងសាលចាស់ និងសាលថ្មី រួមទាំងអគាររដ្ឋបាលឯកភាព ដែលត្រូវបានប្រើប្រាស់សម្រាបម្បំរើសេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានសមរម្យ និងទាន់ពេលវេលា៕

photo_2016-05-28_11-02-58photo_2016-05-28_11-03-00photo_2016-05-28_11-03-02photo_2016-05-28_11-03-04photo_2016-05-28_11-03-11photo_2016-05-28_11-03-13

មតិយោបល់