ព័ត៌មានសុខភាព

មិនកំណត់ការទទួលទានអាហារ៥មុខនេះ ប្រយ័ត្នកើតមហារីក

ដើម្បីឲ្យរាងកាយមានសុខភាពល្អ យើងត្រូវការសារធាតុចិញ្ចឹមពីចំណីអាហាររាល់ថ្ងៃ ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះយើងក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះការទទួលទានផងដែរ ព្រោះវាអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ។ បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា ការទទួលទានអាហារមួយចំនួនគ្មានដែនកំណក់អាចបង្កឲ្យកើតជំងឺមហារីក ហើយជំងឺនេះមើលមិនជាឡើយ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ នេះហើយជាមូលហេតុ ដែលអ្នកជំនាញបានផ្តល់អនុសាសន៍​ឲ្យកំណត់ការទទួលទានអាហារ៥ប្រភេទ។

១.សាច់ក្រហម
ការទទួលទានសាច់ក្រហម មិនមានន័យថាអ្នកកើតជំងឺមហារីកភ្លាមនោះទេ ប៉ុន្តែវានឹងបង្កើនហានិភ័យខ្លាំងប្រសិនបើអ្នកញ៉ាំច្រើន។ សាច់ក្រហមមានផ្ទុកសារធាតុនីត្រាត (nitrates) ដែលអាចបង្កទៅជាជំងឺមហារីកពោះវៀន ជាពិសេសបើអ្នកទទួលទានសាច់ដែលដំណើរការចម្អិនដោយប្រើសីតុណ្ហភាពខ្ពស់ពេក។ ដូច្នេះ សូមទទួលទានសាច់ក្រហមឲ្យមានដែនកំណត់ ឬទម្លាប់ទទួលទានត្រីជំនួសវិញប្រសើរជាង។

២.សាច់កែច្នៃ
ប្រភេទសាច់កែច្នៃដូចជា សាច់ក្រក ប្រហិត ហតដក បាត់តេ សាច់ផាត់… ត្រូវបានគេរកឃើញថា មានផ្ទុកបាក់តេរី និងសារធាតុនីត្រាត (nitrates) ដែលងាយនឹងបង្កទៅជាជំងឺមហារីកមួយចំនួន ហើយប្រសិនបើអ្នកទទួលទានអាហារទាំងនេះញឹកញាប់ច្បាស់ជាប្រឈមនឹងជំងឺមហារីកជាមិនខាន។

៣.សូដា
ប្រភេទទឹកក្រូចសូដា មានផ្ទុកជាតិស្ករច្រើន កាឡូរីខ្ពស់ និងសារធាតុគីមីមានឈ្មោះថា 4-methylimidazole ដែលជាអ្នកធ្វើឲ្យភេសជ្ជ:មានពណ៌ត្នោត។ បើតាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតិគីមីទាំងនេះបង្កើនហានិភ័យនៃជំងឺមហារីក ហើយមានប្រទេសជាច្រើនក៏កំពុងតែចាប់ផ្តើមកំណត់ច្បាស់ក្នុងការប្រើប្រាស់សារធាតុ 4-methylimidazole នេះដែរ។

៤.ការសេពគ្រឿងស្រវឹង
បើតាមការស្រាវជ្រាវបានបង្ហាញថា ការសេពគ្រឿងស្រវឹងច្រើនហួសហេតុពេក អាចនាំឲ្យកើតមានជំងឺមហារីកខួរក្បាល បំពង់អាហារ ថ្លើម សុដន់ ក្រពះ ក្រពេញប្រូស្តាត លំពែង និងពោះវៀន។ នេះក៏ដោយសារតែគ្រឿងស្រវឹងមានផ្ទុកសារធាតុគីមី Acetaldehyde ដែលរំខានដល់ DNA និងការបង្កើតប្រូតេអ៊ីន។ ហេតុនេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដ៏មហារីក អ្នកគួរតែកំណត់ការសេពគ្រឿងស្រវឹង។

៥.ប្រភេទអាហារ ដុត ឬអាំង
មិនថាតែសាច់ នំប៉័ង ដុតឬក៏អាំងនោះទេ វានឹងមានលក្ខណ:ឆេះខ្លោចនៅខាងៗ ហើយផ្នែកឆេះខ្លោចនេះហើយដែលជាដើមហេតុបង្កទៅជាជំងឺមហារីក ប្រសិនបើអ្នកទទួលទានញឹកញាប់ពេក។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក អ្នកគួរតែជៀសវាងទទួលទានអាហារប្រភេទនេះ៕

មតិយោបល់