កណ្ដាលៈ នារីម្នាក់ជិះម៉ូតូទៅធ្វើការបត់ឆ្លង់ផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយទៀតបើកបរក្នុងល្បឿនលឿនបុកពេញទំហឹងខ្ទាត់ចូលក្រោមកងរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខភូមិទទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡូមែត្រ ២៦-២៧។
ក្នុងហេតុការណ៍នេះដែរ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ភេទស្រី និងរងរបួសធ្ងន់ម្នាក់ ភេទប្រុស សង្គ្រោះនៅមន្ទីរពេទ្យបែកចាន និងខូចខាតម៉ូតូ០២គ្រឿង។
នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុនដា C125 ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូគ្មានមួកមានកញ្ចក់) បើកបរដោយឈ្មោះ ឈាន វ៉ាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិត្រពាំងពោធិ៍ ឃុំត្រពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ កម្មកររោងចក្រ បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) លុះដល់ចំណុចខាងលើ បានបុកជាមួយ ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CA-8539 (ម៉ូតូគ្មានមួកមានកញ្ចក់) បើកបរ ដោយឈ្មោះមិន យ៉េង ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ បានបើកឆ្លងថ្នល់ពីជើងទៅត្បូង បណ្ដាលឲ្យដួលលើទ្រូងថ្នល់ ហើយត្រូវរថយន្តមួយគ្រឿង មិនដឹងម៉ាក មិនដឹងលេខ បានកិនចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង (រថយន្តបានបើករត់គេចខ្លួនបាត់)។ ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។
ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកម៉ូតូមួយគ្រឿងទៀត បើកក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុជំនាញបានយក សម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះរថយន្តសមត្ថកិច្ចនឹងស្រាវជ្រាវបន្ត៕
មតិយោបល់