ព័ត៌មានបច្ចេកវិទ្យា

Microsoft ប្រកាសកំណែថ្មី ៤ ធំៗលើ Windows 10!

នៅប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងថា Windows 10 កំណែថ្មី នឹងមានការផ្លាស់ប្តូរលក្ខណៈសម្បត្តិជាច្រើនផ្នែក ហើយវានឹងដាក់ចេញនៅពេលក្រោយនៅក្នុងឆ្នាំ ២០១៧ នេះ។ ក្នុងកំណែថ្មីដែលមានលេខកូដជំនាន់ 16215 នោះ វានឹងពាំនាំមកជាមួយលក្ខណៈសម្បត្តិថ្មីៗគួរឱ្យចាប់អារម្មណ៍ជាងគេចំនួន ៤ ដែល Post Tech សូមលើកយកមកបង្ហាញដោយសង្ខេបដូចខាងក្រោម៖

– ផ្ទាំងផ្តល់ដំណឹង Notification

ផ្ទាំង Notification ថ្មី ត្រូវបានរចនាថ្មីឡើងវិញទាំងស្រុង ព្រមជាមួយការបែកចែកក្រឡោមព័ត៌មានសម្រាប់កម្មវិធីដាច់ដោយឡែកពីគ្នា។ វាពិតជាមើលទៅមានភាពទាក់ទាញ និងផ្តល់ភាពងាយស្រួលក្នុងការកត់សម្គាល់ខ្លាំងជាងមុន ដោយក្នុងនោះដែរ ឈ្មោះកម្មវិធី និងឈ្មោះឧបករណ៍ក៏ត្រូវបានរៀបចំដាក់ឱ្យនៅផ្សេងពីគ្នាទៀតផង។

– Taskbar

ជាមួយរបារការងារឋិតនៅជួរខាងក្រោមនៃផ្ទាំង Windows 10 ថ្មី នឹងអនុញ្ញាតឱ្យលោកអ្នកដាក់ Link (តំណរភ្ជាប់) គេហទំព័រណាមួយដែលខ្លួនពេញចិត្ត ឬឧស្សាហ៍ចុចចូលប្រើញឹកញាប់ ប៉ុន្តែ វាអាចតភ្ជាប់បានតែជាមួយកម្មវិធី browser របស់ Microsoft ផ្ទាល់ប៉ុណ្ណោះ។ ក៏មានដែរការបង្កើនចលនាក្រាហ្វិកនៅលើ New Tab ក្នុងកម្មវិធី Edge នេះ ដែលជួយឱ្យវាដំណើរការកាន់តែលឿនជាងមុនបន្តិច។

– Cortana

លោកអ្នកនឹងឃើញការផ្លាស់ប្តូរមួយចំនួន ជាមួយសមត្ថភាពក្រើនរំឭកដោយការស្កេនលើរូបភាព។ ឧទាហរណ៍ បើលោកអ្នកបានថតរូប Poster មួយ Cortana នឹងកត់ចំណាំវាចូលក្នុងកម្មវិធី Calendar ដើម្បីទុកធ្វើការក្រើនរំឭកនៅពេលវេលាណាមួយ។ ជំនួយការសំឡេងឌីជីថលនេះ ក៏មានភ្ជាប់មកជាមួយឧបករណ៍ថ្មីឈ្មោះ Lasso សម្រាប់ប្រើជាមួយប៊ិកវៃឆ្លាត ដោយលោកអ្នកគ្រាន់តែគូសជារង្វង់លើរូបភាពអ្វីមួយ វានឹងកត់ត្រាជាព្រឹត្តិការណ៍ចូលទៅក្នុងកម្មវិធី Calendar ដើម្បីក្រើនរំឭកលោកអ្នកតែម្តង។

– ផ្តោតលើការប្រើប៊ិកចុចបញ្ជា

Windows 10 កំណែថ្មីនេះ ត្រូវបានផ្តោតសំខាន់ខ្លាំងទៅលើមុខងារគាំទ្រការប្រើប្រាស់ជាមួយប៊ិក។ ផ្ទាំងកម្មវិធីសម្រាប់ប្រើប៊ិកគូសវាស់ផ្តល់នូវមុខងារ ឬឧបករណ៍សម្រាប់សរសេរ កែកុន និងបន្ថែមរូបកូនតុក្កតា emojo កាន់តែច្រើន និងកាន់តែសម្បូរបែប ហើយវាអាចចាប់សម្គាល់ដឹងទម្រង់នៃការសរសេរដៃ និងអាចបំប្លែងវាឱ្យទៅជាទម្រង់អត្តបទសរសេរដោយកុំព្យូទ័រ ហើយក៏អាចប្រើប៊ិកកាត់ លុប និងជ្រើសរើសអត្តបទដើម្បីកែតម្រូវជាដើម។ល៕ប្រភពព័ត៌មានៈ theverge

មតិយោបល់