ខេត្តកណ្តាល: នារីជាជនរងគ្រោះម្នាក់ត្រូវបានមនុស្សស្រីធ្វើជាប្រុសសង្ស័យប្រច័ណ្ឌយកកូនកំាបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់ដោយសារតែជនសង្ស័យនិងជនរងគ្រោះស្រឡាញ់រួមរស់ជាមួយគ្នារយ:ពេល៣ឆ្នាំ៦ខែមកហើយ ក៏ព្រោះតែជនសង្ស័យប្រច័ណ្ឌជនរងគ្រោះពេកដែលចង់រៀបការប្តីថ្មីតាមឪពុកម្តាយទើបប្រព្រឹត្តបែបនេះ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៨ ខែមិថុនាឆ្នាំ ២០១៧ វេលាម៉ោង៧យប់ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ១៣ជាន់ទី១ ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ហ៊ុន ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ននៅផ្ទះជួលកន្លែងកើតហេតុ មុខរបរកម្មការនីរោងចក្រ បណ្តាលឲ្យរងរបួសក្រោមគុម្ពដោះខាងឆ្វេង១កាំបិត ឆ្អឹងខ្នង១កាំបិត និងរបួសក្បាល និងជនសង្ស័យ ឈ្មោះ ហង់ ធា (ហៅឆៃ) ភេទស្រី (ធ្វើប្រុស) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិតាំងគម្ពី ឃុតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ មុខរបរកម្មការនីរោងចក្រ។
លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច ជនសង្ស័យនិងជនរងគ្រោះបានចេញពីធ្វើការរោងចក្រនាំគ្នាមកផ្ទះជួល (កន្លែងកើតហេតុ) ហើយបានចាក់សោរបន្ទប់ខាងក្នុង ជជែកទាស់ពាក្យសម្តីគ្នារហូតឈានដល់ជនសង្ស័យយកកូនកាំបិតចិតបន្លែដងពណ៌លឿងចាក់ជនរងគ្រោះ ទើបមានការស្រែកពីជនរងគ្រោះឲ្យគេជួយ។ ពេលនោះមានអ្នកជិតខាងនិងម្ចាស់ផ្ទះមកជួយវាយបំបែកទ្វារកញ្ចក់ ដើម្បីជួយជនរងគ្រោះនិងបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: (ពេទ្យលោកសង្ឃ) ភ្លាមៗ។ ចំណែកជនសង្ស័យ បានយកថ្នាំកណ្តុរចាក់អកចូលមាត់លេបអស់មួយកញ្ចប់តូចបំណងសម្លាប់ខ្លួនដែរ តែត្រូវបានកម្លាំងសមត្ថកិច្ចទៅដល់បញ្ជូនទៅមន្ទីរពេទ្យឯកបែកចានជួយសង្គ្រោះទាន់ពេលវេលា។ ដោយឡែកជនសង្ស័យនិងជនរងគ្រោះស្រឡាញ់រួមរស់ជាមួយគ្នារយ:ពេល៣ឆ្នាំ៦ខែមកហើយ ក៏ព្រោះតែជនសង្ស័យប្រច័ណ្ឌជនរងគ្រោះដែលចង់រៀបការប្តីថ្មីតាមឪពុកម្តាយទើបប្រព្រឹត្តបែបនេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់