ព័ត៌មានជាតិ

អភិបាលខេត្តប៉ៈធុមថានី ប្រទេសថៃ ទទួលយកសំណើកម្ពុជា នឹងជួយពន្លឿនឲ្យបានឆាប់នូវការធ្វើតេស្តកូវីដ១៩ ការព្យាបាល និងការចាក់វ៉ាក់សាំងដល់បងប្អូនខ្មែរ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នៅក្នុងឱកាសចូលរួមក្នុងពិធីទទួល-ប្រគល់អំណោយពីមូលិធិ LPN, មូលនិធិ A21 និងសប្បុរសជន ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី ដើម្បីអាជ្ញាធរអាចចែកបន្តដល់បងប្អូនពលករខ្មែរដែលជួបការលំបាកខ្លាំងនៅក្នុងស្រុកឡាតលុមកែវក្នុងខេត្ត ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំ ឯកឧត្តម អភិបាលខេត្តប៉ៈធុមថានី និងអាជ្ញាធរពាក់ព័ន្ធ មេត្តាបន្តមើលថែ ពន្លឿនឲ្យបានឆាប់នូវការធ្វើតេស្តកូវីដ១៩ ការព្យាបាល និងការចាក់វ៉ាក់សាំងដល់បងប្អូនខ្មែរ ។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្តបានទទួលយកសំណើ និងបានសម្តែងការអរគុណដល់បងប្អូនខ្មែរ ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ហើយនៅពេលអាជ្ញាធរសាងសង់មន្ទីរពេទ្យ field hospitals សម្រាប់ព្យាបាលជំងឺកូវីដ បងប្អូនពលករខ្មែរមួយចំនួនក៏បានរួមចំណែកស្ម័គ្រចិត្តជួយសាងសង់ដែរ។
ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក៏បាននាំយកគ្រឿងឧបភោគបរិភោគមាន អង្ករ ត្រីខ បន្លែ សាច់ និងសំភារៈប្រើប្រាស់ផ្សេងៗចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៥០គ្រួសារ នៅស្រុកឡាតលុមកែវ ខេត្តប៉ៈធុមថានី ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដកូវីដ១៩។
ប្រភព: ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

មតិយោបល់