កំពតៈ លោកអធិការរងស្រុកទឹកឈូ ទទួលបន្ទុកផ្នែកចរាចរណ៍បានប្រាប់Post News មុននេះបន្តិចថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយមានរថយន្តកូរ៉េដឹងអំពៅ មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានប៉ះគ្នាជាមួយនឹងរថយន្តកូរ៉េ១តោនកន្លះដឹកអំបិល បណ្តាលឲ្យភាគីខាងរថយន្តដឹកអំបិលក្រឡាប់ផ្ងារជើង ចំណែកភាគីខាងរថយន្តដឹកអំពៅវិញបានស្លាប់អ្នករួមដំណើរជាមួយម្នាក់ដែលជាថៅកែដើរជួញអំពៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣៣ ពីកំពតទៅកែប ក្នុងភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តូរីសដឹកអំពៅ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5978 មួយគ្រឿងបើកបរក្នុងតាមបណ្តោយផ្លូវជាតិខាងលើ ដោយខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅប៉ះជាមួយនឹង រថយន្តកូរ៉េ១តោនកន្លះដឹកអំបិល ដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យភាគីខាងរថយន្តដឹកអំបិលក្រឡាប់ផ្ងារជើងរងរបួសស្រាល ចំណែកភាគីខាងរថយន្តដឹកអំពៅវិញរងការខូចខាយស្ទើរទាំងស្រុង និងបណ្តាលឲ្យអ្នករួមដំណើរម្នាក់ដែលជាថៅកែដើរទិញអំពៅ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារតែខាងក្រុមគ្រួសារមិនអស់ចិត្ត ក៏សម្រេចដឹកយកជនរងគ្រោះខាងលើទៅសង្គ្រោះនៅឯមន្ទីរពេទ្យបន្តទៀត តែទោះបីជាយ៉ាងណាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់