ព័ត៌មានជាតិ

ប្លន់ទៀតហើយ! ក្នុងសង្កាត់បឹងទំពុន!

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូម៉ាកស៊ុយសាគីនិច ពីក្មេងប្រុសតូចៗចំនួន៣នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាមកពីទិញទឹកក្រឡុកឲ្យម្តាយវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៣បេតេ ក្រុមទី២ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ស៊្រៀង វាសនាធារិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ,ទី២ឈ្មោះ ស៊្រៀង វាសនាវីរៈសត្យា ភេទប្រុស អាយុ១០ឆ្នាំ និងទី៣ឈ្មោះ ស៊្រៀង វាសនាធិរាជ ភេទប្រុស អាយុ៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ចំណែកជនសង្ស័យទាំង៤នាក់ខាងលើ ទី១ ឈ្មោះ សា អ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ជាងធ្វើផ្ទាំងប៉ាណូ ,ទី២ឈ្មោះ ភី ចាន់ធឿន ហៅម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ ,ទី៣ឈ្មោះ បូរ ហៅទឹងមឹង ភេទប្រុស អាយុ២០ឆ្នាំ និងទី៤ឈ្មោះ រាជ្យ ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង៤នាក់ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ។

ប្រភពព័ត៌មានពីក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុម្តាយរបស់ក្មេងប្រុសខាងលើ បានប្រើកូនៗ ឲ្យជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DJ-1246 ឌុបគ្នា៣នាក់បងប្អូនទៅទិញទឹកក្រឡុក លុះពេលទិញបានហើយនោះ ក្មេងប្រុសទាំង៣នាក់បងប្អូនបានជិះម៉ូតូឌុបគ្នាត្រឡប់មកវិញ លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នារត់ស្ទាក់ពីមុខម៉ូតូក្មេងរងគ្រោះឲ្យឈប់ តែដោយសារតែភ្លាមៗក្មេងរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏បន្តទៅមុខ តែត្រូវក្រុមជនសង្ស័យទាំងនោះចាប់ទាញដៃចង្កូតម៉ូតូ បណ្តាលឲ្យដួលទៅលើដងផ្លូវត្រូវម៉ូតូរលំសង្កត់ បណ្តាលឲ្យរលាកពេញខ្លួនទាំង៣នាក់បងប្អូន ខ្លះត្រូវពោះ ខ្លះត្រូវជើង ចំណែកជនសង្ស័យវិញបានប្រញាប់ប្រញាល់លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពីកើតហេតុ ឪពុកម្តាយរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ។
រហូតមកដល់ម៉ោង៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ អាចកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន ឈានទៅដល់ការចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានសរុបចំនួន៤នាក់ជាបន្តបន្ទាប់។ ជនសង្ស័យ បានសារភាពម៉ូតូខាងលើ ពួកគេបានយកទៅបញ្ចាំនៅម្តុំស្ទឹងមានជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ននិងចាត់ការតាមផ្លូវច្បាប់បន្តទៀត។
សូមបញ្ជាក់ថា មេប៉ុស្តិ៍បឹងទំពុន នៅពេលដែលអ្នកសារព័ត៌មានសួរនាំ បែរជាធ្វើមិនខ្វល់ មិនដឹងមិនលឺទៅវិញ៕

មតិយោបល់