ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ “The 11th AEAM Summit” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី តបតាមការអញ្ជើញរបស់លោក ត្សាឃីអាហ្គីន អែលប៊េឌូរ្ស (Tsakhiagiin Elbegdori) ប្រធានាធបតីម៉ុងហ្គោលី។ នេះជាការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល Post News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប លើកទី១១ សម្តេចតេជោ នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ លើប្រធានបទ “ការតភ្ជាប់ផ្នែកទន់”។
ក្រោមប្រធានបទ «រយៈពេល២០ឆ្នាំ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់» កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានីភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំកំពូល គ្រោងនឹងអនុម័តលើឯកសារ ស្តីពីលទ្ធផលកិច្ចប្រជុំសំខាន់ចំនួនពីរ គឺសេចក្តីប្រកាសអ៊ូឡង់បាទ័រ “The Ulaanbaatar Declaration) និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ (The Chair’s Statement)។
ក្រៅពីកិច្ចប្រជុំកំពូល AEAM លើកទី១១ សម្តេចតេជោ ក៏នឹងជួបទ្វេភាគីជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ីន ហ្សូអាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន និងលោកស្រី ប៉ាក គឿនហេ (Park Geun-hey) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ៕
មតិយោបល់