ព័ត៌មានជាតិ

ឡូយម្លេះ! បុកគេហើយ ទារគេសងលុយទៀត

ភ្នំពេញៈ ម៉ូតូម៉ាកហុងដា C125 មួយគ្រឿងបើកបរដោយបុរសម្នាក់ដោយមានឌុបប្រពន្ធពីខាងក្រោយផងនោះ បានបើកបរក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នក៏បានទៅបុករថយន្តម៉ាក TUNDRA មួយគ្រឿងដែលកំពុងតែបើកបត់ឆ្លងផ្លូវចំកាងខាងក្រោយបណ្តាលឲ្យកំពិត ហើយថែមទាំងទារសំណងពីភាគីខាងរថយន្តចំនួន១០០ដុល្លារថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តនិរោធិរង្សី ផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AG-7060 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកបត់ក្នុងល្បឿនយឺតៗឆ្លងផ្លូវទៅខាងឆ្វេងដៃ។ ពេលដែលរថយន្តម៉ាក TUNDRA កំពុងតែបើកឆ្លងផ្លូវជិតផុតទៅហើយនោះ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1E-7325 មួយគ្រឿងពីរនាក់ប្តីប្រពន្ធ បើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច (ចូលមកក្រុងភ្នំពេញ) ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានទៅបុកចំកាងខាងក្រោយដួលបណ្តាលអោយ បុរសជាប្តីបែកមុខបែកមាត់ហូរឈាមពេញមុខ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌច្បារអំពៅក៏បានចុះមកដល់ធ្វើការវាស់វែងអូសរថយន្តនិងម៉ូតូយកទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នាហើយភាគីម៉ូតូទាមទារសំណង់១០០ដុល្លារ ដោយមិនចង់មានរឿងវែងឆ្ងាយនោះភាគីខាងរថយន្តម៉ាក TUNDRA ដែលរងគ្រោះយល់ព្រមសងចំនួន៥០ដុល្លារបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕

មតិយោបល់