ព័ត៌មានជាតិ

រថយន្តព្រុសបើកលឿនជ្រុលចង្កូតទៅបុកទ្រូងផ្លូវ ខ្ទេចជាច្រើនកង់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកទ្រូង ផ្លូវបណ្តាលឲ្យខូចខាតទ្រូងផ្លូវអស់៣កង់ និងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3614 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តស្រី ទិសដៅពីត្បូងទៅជើងចេញពីក្លឹបបម្រុងនឹងជូនមិត្តស្រីទៅផ្ទះនៅចម្ការដូង លុះមកដល់ចំណុចកើតហេតុ បើកបរក្នុងល្បឿនលឿនពេក ក៏រេចង្កូតទៅបុកនឹងទ្រូងផ្លូវបណ្តាលឲ្យរថយន្តវិលមួយជុំខ្ទេចផ្នែកខាងមុខនៃរថយន្តស្ទើតែទាំងស្រុង បែកកង់ខាងមុខនិងក្រោយខាងឆ្វេងនៃរថយន្ត និងផ្ទុះពោងសុវត្ថិភាពចំនួន២តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងនឹងស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមនិតិវិធីនៃច្បាប់ ៕

មតិយោបល់