ព័ត៌មានអន្តរជាតិ

គ្រាប់បែកជាច្រើន បានផ្ទុះនៅទីក្រុង Marawi ប្រទេសហ្វីលីពីន ចំថ្ងៃប្រារព្ធទិវាឯករាជ្យ

ហ្វីលីពីនៈ គ្រាប់បែកជាច្រើន បានផ្ទុះនៅជាយទីក្រុង Marawi ភាគខាងត្បូងប្រទេស នៅថ្ងៃចន្ទនេះ ខណៈដែលទង់ជាតិ ត្រូវបានបង្ហូតឡើង ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ បន្ទាប់ពីរយៈពេលជិតបីសប្តាហ៍ ដែលពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់រយនាក់ បានរាតត្បាតទីក្រុង និងជនស៊ីវិលនៅទីនោះ ត្រូវបានគេគំរាមយកធ្វើជាខែលមនុស្ស។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

បុគ្គលិកជួយសង្គ្រោះ, ទាហាន និងអ្នកពន្លត់អគ្គីភ័យ បានច្រៀងចម្រៀងជាតិ និងស្ដាប់សុន្ទរកថា បន្ទាប់ពីយន្តហោះចម្បាំប្រភេទ OV-10​ ចំនួនបីគ្រឿង បានហោះយ៉ាងលឿនទៅលើអាកាស ដោយវិលត្រលប់មកវិញទម្លាក់គ្រាប់បែក ទៅលើតំបន់ដែលជាកន្លែងក្រុមយុទ្ធជនលាក់ខ្លួន។

អភិបាលរងខេត្តលោក Mamintal Adiong Jr ប្រាប់នៅក្នុងជំនួបមួយថា «ដើម្បីបងប្អូនមូស្លីមរបស់យើងនៅទីនោះ យើងចង់ប្រាប់ឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាទៀត ព្រោះវាគ្មានន័យអ្វីទាល់តែសោះ ដោយសារយើងជាម៉ូស្លីមទាំងអស់គ្នា»។

សូមជំរាបថា វាជាលើកដំបូងហើយ សម្រាប់ការប្រារព្ធពិធីបង្ហូតទង់ជាតិនេះ ចាប់តាំងពីថ្ងៃទី២៣ ខែឧសភាកន្លងមក ដែលជាធម្មតាពិធីជាតិនេះ ត្រូវបានធ្វើទ្បើងពីរដងក្នុងមួយសប្តាហ៍ នៅទីក្រុង Marawi ដែលអ្នករស់នៅទីនោះភាគច្រើនជាពួកមូស្លីម ហើយវាត្រូវខកខានធ្វើ បន្ទាប់ពីការឡោមព័ទ្ធរបស់រដ្ឋាភិបាល នៅពេលដែលពួកសកម្មប្រយុទ្ធបានសម្លាប់ និងចាប់ពង្រត់ពួកគ្រិស្ដសាសនិក ព្រមទាំងដុតបំផ្លាញព្រះវិហារមួយ។

ស្ទើរតែប្រជាជនទាំងអស់ប្រហែល ២០០,០០០ នាក់ បានរត់ភៀសខ្លួនចេញពីតំបន់កំពុងមានជម្លោះ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ប្រទេសហ្វីលីពីន ប៉ុន្តែក៏នៅមានជនស៊ីវិល ៥០០ ទៅ១០០០ នាក់ ត្រូវបានជាប់ ឬចាប់ធ្វើជាចំណាប់ខ្មាំងនៅទីនោះផងដែរ។

គួរបញ្ជាក់ដែរថា ការប្រយុទ្ធគ្នា​នៅ​ប្រទេស​ហ្វីលីពីន ​រវាងកងកម្លាំងរដ្ឋាភិបាល និងពួក​ឧទ្ទាម​ នៅ​ទីក្រុង ​Marawi ​បាន​បណ្តាល​ឲ្យ​ស្លាប់​កម្លាំងយោធា​ហ្វីលីពីន​សរុប៥៨នាក់​, ​ជនស៊ីវិល​ ២០នាក់​ ​និង​ក្រុមសកម្ម​ប្រយុទ្ធ​​​រាប់រយនាក់​ទៀត ​៕

មតិយោបល់