ព័ត៌មានជាតិ

អុញរកគ្នាឃើញ! សង្សារ១គូ បែកគំនិតលួចរថយន្តគេតាំងពីវត្តសន្សំកុសល គេចខ្លួនដល់ខេត្តតាកែវ ទើបឃាត់បាន!

តាកែវៈ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានប្រាប់Post News មុននេះបន្តិចថា កងរាជអាវុធហត្ថស្នាក់ការ២០១ប្រចាំផ្លូវជាតិលេខ២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ ដែលធ្វើសកម្មភាពលួចរថយន្តរបស់គេមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅមួយគ្រឿង ចេញពីវត្តសន្សំកុសល ក្នុងក្រុងភ្នំពេញ គេចខ្លួនរហូតដល់ភូមិសាស្ត្រទឹកដីខេត្តតាកែវ។

ករណីលួចរថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ពីចំណុចវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចគេចខ្លួនមកដល់ភូមិសាស្ត្រទឹកដីខេត្តតាកែវ តែក៏ត្រូវកម្លាំងអាវុធហត្ថបង្ក្រាបបានធ្វើឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីខេត្តតាកែវ។

ចំពោះជនសង្ស័យទាំង២នាក់ប្រុសស្រីខាងលើនេះ ត្រូវបានលោកមេបញ្ជាការអាវុធហត្ថខេត្តតាកែវ បញ្ជាក់ថា គឺជាសង្សារនឹងគ្នា និងមានការជាប់ពាក់ពន្ធ័នឹងករណីលួចរថយន្តខាងលើនេះ។ ក្នុងនោះអាវុធហត្ថដកហូតបាន រថយន្តកាមរីពណ៌ខ្មៅ មួយគ្រឿង រួមនិងស្លាកលេខចំនួន២ ដូចគ្នា គឺ ភ្នំពេញ 2H-0692ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់សង្សារខាងលើនេះ ត្រូវបានអាវុធហត្ថបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី១២ ខែមិថុនានេះ លុះល្ងាចឡើងថ្ងៃដដែល អាវុធហត្ថនឹងធ្វើការប្រគល់រថយន្តខាងលើទៅឲ្យម្ចាស់រថយន្តវិញ៕

https://youtu.be/KDgMT1D6p2s

មតិយោបល់