កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៣នាក់ ករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។
កើតហេតុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅចំណុចស្ថិតនៅក្នុងបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ៣នាក់ ទី១ឈ្មោះ យូ រីណា ហៅពៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ,ទី២ឈ្មោះ ឌី ផល្លា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពឹតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទី៣ឈ្មោះ ស៊ី ស្រឿន ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ បំរើការខារ៉ាអូខេ ពិភពបៃតង ទីលំនៅបច្ចុប្បន្ន ផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ១កញ្ចប់មធ្យម និងម៉ូតូ ១គ្រឿង ម៉ាក CUB ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1M-3532។
មុនឈានដល់ការចាប់ឃាត់ជនសង្ស័យខាងលើ កម្លាំងជំនាយផ្នែកប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មាន ថាមានមុខសញ្ញាចែកចាយថ្នាំញៀននៅក្នុងបន្ទប់កើតហេតុខាងលើ កម្លាំងយើងបានទៅដល់ក៏ធ្វើការត្រួតពិនិត្យ ឆែកឆេរ រកមើលមិនឃើញមានភស្តតាងនៅក្នុងបន្ទប់ទេ ទៅរកខាងក្រៅក៏ឃើញថ្នាំញៀនដែលជនសង្ស័យ ទំលាក់ចោលទៅក្រោមតាមប្រហោងឥដ្ឋខ្យល់នៃបន្ទប់ទឹក ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យូ រីណា បានឆ្លើយសារភាពថា ថ្នាំខាងលើពិតជារបស់ខ្លួនមែនដោយមានគេប្រើ យកមកឲ្យម្ចាស់បន្ទប់ ឈ្មោះ ឌី ផល្លា និងឈ្មោះ ស៊ី ស្រឿន កន្លងមកឈ្មោះ យូ រីណាធ្លាប់ប្រើប្រាស់ថ្នាំញៀនមានរយៈពេលយូរឆ្នាំមកហើយ និងបានថ្លៃឈ្នួលយកថ្ទាំញៀនឲ្យគេម្តងៗបានប្រាក់២ម៉ឺនរៀល ហើយអ្នកដែលប្រើយកថ្នាំទៅឲ្យគេនោះឈ្មោះ ក្អួក ភេទស្រី មិនស្គាល់ទីលំនៅពិតប្រាកដទេ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់