បុរសម្នាក់ខឹងសម្បា នឹងនគរបាលចរាចរណ៍ខេត្តផាកពិន័យ ដុតម៉ូតូខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង ៣ និង ៤០ នាទីរសៀល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ តាមផ្លូវមួយកន្លែង នៅទល់មុខតារាងបាល់ចាស់ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់នេះជិះម៉ូតូ ១ គ្រឿងម៉ាក វេវឆ្លាម ពីត្បូងទៅជើងមកដល់កន្លែងកើតហេតុ ត្រូវបាននគរបាលចរាចរណ៍ឃាត់ ខណៈបុរសរូបនេះមិនមានពាក់មួកសុវត្ថិភាព និងម៉ូតូក៏អត់មានស្លាកលេខផងដែរ ហើយនគរបាលចរាចរណ៍ក៏បានផាកពិន័យមិនដឹងថា ចំនួនប៉ុន្មាននោះទេ ក្រោយមកម្ចាស់ម៉ូតូក៏បានដើរទៅក្បែរម៉ូតូបានបង្ហូរសាំងដុតម៉ូតូតែម្តង។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា បន្ទាប់ពីបុរសម្នាក់នេះ បានដុតម៉ូតូរបស់ខ្លួនហើយនោះ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបញ្ជូនទៅការិយាល័យនៃស្នងការនគរបាលខេត្ត ដើម្បីសាកសួរ ធ្វើតេស្តរកគ្រឿងស្រវឹង និងសារធាតុញៀន។
នគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ទៀតថា បុរសរូបនេះមានឈ្មោះ សុខ ភេទប្រុស អាយុជាង ៥០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករដើរដកដំឡូងមី។ ហើយម៉ូតូដែលដុតកម្ទេចចោលនោះ ត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ បច្ចុប្បន្ន ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕





មតិយោបល់