ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ដកហូតថ្នាំញៀនជិត១០កញ្ចប់រួមនិងដាវស៊ាំម៉ូរ៉ៃមួយចំនួន

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួនធំ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅចំណុចបន្ទប់ជួលតាមបណ្តោយផ្លូវមុន្នីវង្ស ខាងក្រោមក្រុមហ៊ុនឃ្យូប៊ី ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ទី១មានឈ្មោះ សុខ ឃៀង ភេទប្រុស ស្នាក់នៅផ្ទះជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ,ទី២ឈ្មោះ វណ្ណ ភក្តី ភេទប្រុស និងជនសង្ស័យទី៣ឈ្មោះ ជា ឌីណា ភេទស្រី។ អ្នកទាំង២ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ ដាវស៊ាំម៉ូរ៉ៃមួយចំនួន អត្តសញ្ញាណបណ្ណ័មួយចំនួនធំ រួមនឹងសម្ភារ:សម្រាប់ប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយចំនួនធំផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការបន្តតាមនីតិវិធីច្បាប់។ បញ្ជាក់បន្ថែមថា អ្នកដែលបានបាត់ប៉ាស្ព័រ ក៏ដូចជាអត្តសញ្ញាណបណ្ណ័ អាចមកកាន់ប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីស្វែងរករបស់ខ្លួនបាន ៕

មតិយោបល់