ព័ត៌មានបច្ចេកវិទ្យា

កប់! នៅថៃ ចិនបីនាក់សង្ងំបង្កើត Like ក្លែងក្លាយលក់ មួយខែបានរាប់ពាន់ដុល្លារ

យោងតាមកាសែត Bangkok Post បុរសជនជាតិចិន បីនាក់ ត្រូវបានប៉ូលិស និងទាហានថៃ ឆ្មក់ចូលចាប់ខ្លួនបាននៅថ្ងៃម្សិលមិញ ក្បែរព្រំដែនប្រទេស កម្ពុជា ក្រោយពីរកឃើញថា ពួកគេសង្ងំបើកដំណើរការកសិដ្ឋានផលិត Like លើបណ្តាញសង្គមអនឡាញ ជាមួយទូរសព្ទ iPhone ជាង ៤០០ គ្រឿង និងស៊ីមកាតជាង ៣ សែនបន្ទះ។

បុរសទាំងបីនាក់ មានឈ្មោះថា Wang Dong, Niu Bang, និង Ni Wenjin ត្រូវគេរាយការណ៍ថា បានលួចលាក់បើកកន្លែងចុច Like ស្វ័យ ប្រវត្តិ ដោយប្រើទូរសព្ទ iPhone 5s, 5c និង 4s រាប់រយគ្រឿង បំពាក់លើធ្នើរដែក តភ្ជាប់ទៅកាន់កុំព្យូទ័រតាមខ្សែ។

ជាសរុប គេរកឃើញមានទូរសព្ទ iPhone ចំនួន ៤៧៤ គ្រឿង ស៊ីមកាតឈប់ប្រើរបស់ក្រុមហ៊ុនទូរសព្ទចល័តក្នុងប្រទេសថៃចំនួន ៣៤៧,២០០ បន្ទះ កុំព្យូទ័រលើតុ និងយួរដៃចំនួន ១០ គ្រឿង និងសម្ភារអេឡិចត្រូនិចដទៃជាច្រើនផ្សេងទៀត។

ដំបូងឡើយ ក្រុមមន្រ្តីគិតថា បុរសចិនទាំងនោះ បើកមជ្ឈមណ្ឌលហៅទូរសព្ទក្លែងក្លាយ ប៉ុន្តែ តាមពិតពួកគេមានអ្នកជួលឱ្យប្រតិបត្តិបណ្តាញគណនី WeChat ដែលជាបណ្តាញសង្គមធំបំផុតរបស់ប្រទេសចិន ដ៏ធំមួយ។

តាមចម្លើយសារភាពពីបុរសទាំងបី ឱ្យដឹងថា មានក្រុមហ៊ុនចិនមួយបានផ្គត់ផ្គងទូរសព្ទ និងលុយកាក់ដល់ពួកគេចំនួន ១៥០,០០០ បាត ស្មើរនឹង ៤,៤០៣ ដុល្លារ ក្នុងមួយខែ ដើម្បីបង្កើតសកម្មភាពក្លែងក្លាយផ្សេងៗនៅលើបណ្តាញ WeChat សម្រាប់ផលិតផលដាក់លក់នៅលើអនឡាញក្នុងប្រទេសចិន។

ប្រតិបត្តិការអាជីវកម្មនេះ ត្រូវគេរាយការណ៍ថា មានមូលដ្ឋានក្នុងប្រទេសថៃ ដោយសារតែប្រទេសអាស៊ានមួយនេះ មានការទូទាត់ថ្លៃចំណាយលើការប្រើប្រាស់ទូរសព្ទស្មាតហ្វូនក្នុងតម្លៃទាប។

គួររំឭកថា មួយរយ:មុននេះ នៅក្នុងប្រទេសចិន មានការបែកធ្លាយរោងចក្រផលិត Like និង Follow ប្រើប្រាស់ស្មាតហ្វូនរាប់ពាន់គ្រឿង ដើម្បីធ្វើសកម្មភាពចុច Like និង Comment ជាដើម នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញដូចជា Facebook, Twitter ជាដើម៕

ប្រភពព័ត៌មាន: theverge

មតិយោបល់