ព័ត៌មានជាតិ

Update៖ ឃុំខ្លួនគូសង្សារចែកចាយគ្រឿងញៀន២២៧ក្រាមឆ្លងខេត្តពីបទ«ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន»

កណ្តាល: នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនគូសង្សារចែកចាយគ្រឿងញៀន២២៧ក្រាមឆ្លងខេត្ត បណ្តោះអាសន្នពីបទ«ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញាត្តិមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលបែកចានសហការជាមួយជំនាញអធិការដ្ឋានស្រុក បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយវត្ថុតាង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៨នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះ ខៀវ សំកុសែន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូលបទភ្លេងក្នុងទូរសព្ទ ទីលំនៅបច្ចុប្បន្នភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២ឈ្មោះ នាង នីរ៉ាវតី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ៣ដុំធំ,១ដុំមធ្យមនិង១៣កញ្ចប់ធំ (ស្មើ២២៧ក្រាម)កាបូបដៃស្រីបត់ពណ៌ប្រផេះ១និងពណ៌លឿង១។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលបែកចានសហការជាមួយជំនាញអធិការដ្ឋានស្រុក បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ កម្លាំងជំនាញបានចុះទៅបង្ក្រាបឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន៣ដុំធំ,១ដុំមធ្យមនិង១៣កញ្ចប់ធំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២ខាងលើបានឆ្លើយថា ខ្លួនជាអ្នកទទួលថ្នាំញៀនមកលក់បន្តទៅខេត្តព្រះសីហនុ៕

//youtu.be/o6qGC6Edh3M

មតិយោបល់