ព័ត៌មានជាតិ

អាសូរ! កម្មករសំណង់ម្នាក់ កាន់ម៉ូទ័របុកបេតុងកាត់សសរ បែរឆក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

កណ្តាល: បុរសម្នាក់កាន់ម៉ូទ័របុកបេតុងកាត់សសរស្រាប់តែឆក់បណ្តាលឲ្យដួល ហើយអ្នកធ្វើការជាមួយគ្នាជួយទាញចេញពីក្នុងរណ្តៅមករិតទ្រូង រួចបញ្ជូនទៅមន្ទើរពេទ្យ តែអកុសលពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះកើតឡើងនៅទីថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី នៅចំណុចការដ្ឋានសំណង់ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែត សុផា ហៅ ពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ​(ស្លាប់)។

ប្រពភដដែលបានបន្តថា នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ឈ្មោះ សៀក ហាក់ ជាអ្នកម៉ៅការសំណង់ បានទទួលការងារសាងសង់ហាងនំបុ័ងរបស់ឈ្មោះ ទួន អៃយេះ ក្នុងតម្លៃ ៦ ម៉ឺនដុល្លារអាមេរិក។ ចាប់ពីពេលនោះមកឈ្មោះ សៀក ហាក់ បានមកធ្វើការសាងសង់ដោយប្រើប្រាស់កម្មករ១៥នាក់ ប្រុស១៣នាក់និងស្រី២នាក់។ នៅពេលសាងសង់បានប្រហែល១០ភាគរយ ឈ្មោះ ទួន អៃយេះ បានឲ្យឈ្មោះ សៀក ហាក់ កែប្លង់កាត់សសរកណ្តាលផ្នែកខាងត្បូង២ដើមចេញវិញ។ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ សៀក​ ហាក់ បានឲ្យកម្មករ២នាក់ ទី១ឈ្មោះ ឆាយ ទិត្យ និងឈ្មោះ ថោ ហ៊ាត នៅភូមិឃុំជាមួយជនរងគ្រោះ ជាអ្នកធ្វើការងារនេះ ដោយជនរងគ្រោះកាន់ម៉ូទ័របុកបេតុងដើម្បីកាត់សសរធ្វើការបានរយ:ពេល១ថ្ងៃ។ រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទី នៅពេលដែលកម្មករទាំង២នាក់កំពុងធ្វើការឈ្មោះ ប៉ែត សុផា ហៅ ពៅ ជាអ្នកកាន់ម៉ូទ័របុកសសរ។ ពេលនោះស្រាប់តែឆក់បណ្តាលឲ្យដួលហើយឈ្មោះ ឆាយ ទិត្យ ធ្វើការជាមួយនិងឈ្មោះ ថោ ហ៊ាត បានជួយទាញចេញពីក្នុងរណ្តៅមករិតទ្រូង បន្ទាប់មកឈ្មោះ អោ ភាព ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុំជាមួយជនរងគ្រោះនិងឈ្មោះ ថោ ហ៊ាត បានដឹកតាមម៉ូតូយកទៅពេទ្យប្រតិបត្តិស្រុកមុខកំពូល (ឃុំព្រែកអញ្ចាញ)។ ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុប៉ុស្តិ៍ទទួលព័ត៌មានពីឈ្មោះ សាន សុភក្តិ នាយរងប៉ុស្តិ៍ព្រែកអញ្ចាញ កម្លាំងប៉ុស្តិ៍និងជំនាញស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការពិនិត្យសាកសពជាក់ស្តែង សន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ប៉ែត សុផា ហៅ ពៅ ពិតជាស្លាប់ដោយសារជាន់លើព្រីភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីនិងប៉ះជាមួយដីសើមៗក្នុងរណ្តៅឆក់ស្លាប់ដោយខ្លួនឯង ដោយការធ្វេសប្រហែស ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់