ព័ត៌មានជាតិ

Update៖ ២នាក់ប្តីប្រពន្ធត្រូវរថយន្តបុកស្លាប់ទាំង២នាក់ និងក្មេងប្រុសម្នាក់របួសធ្ងន់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក តែត្រូវបានប្រជាពលរដ្ឋអះអាងថាជាប្រភេទរថយន្តដឹកដីរបស់ក្រុមហ៊ុនលីយ៉ុងផាត់ បានបើកបុកម៉ូតូសង់កូរ៉េពេញទំហឹង រួចកិនបុរសម្នាក់ប្តីធ្លាយខួរស្លាប់ ចំណែកប្រពន្ធផ្លោងស្លាប់ដូចគ្នាយ៉ាងណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយរថយន្ត១គ្រឿងមិនស្គាលម៉ាកធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាក
លេខ កណ្ដាល 1O-0614 បើកបរដោយឈ្មោះ ស៊ិន អុន ភេទប្រុស អាយុ៥២ឆ្នាំស្នាក់នៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ដោយរួមដំណើរ២នាក់ ទី១.ឈ្មោះ ហម ធឿន ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅជាមួយគ្នា និងទី២ឈ្មោះ រុំ ជីមិញ ភេទប្រុស អាយុ៦ឆ្នាំ មានទីលំនៅជាមួយគ្នា ធ្វើដំណើរពី ត្បូង ទៅជើងបណ្ដាលឲ្យ ស្លាប់អ្នកបើកបរម៉ូតូ និងឈ្មោះ ហម ធឿននៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់ ឈ្មោះ រុំ ជីមិញ ហើយបានបញ្ជូនទៅព្យាបាល នៅពេទ្យភ្នំពេញ។

តែបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍វិញបានបង្ហើបឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តប្រភេទដឹកដីរបស់ក្រុមហ៊ុនលីយ៉ុងផាត់ ហើយក៏បើករថយន្តគេចខ្លួនបាត់តែម្តង តែត្រូវសមត្ថកិច្ចដេញតាមឃាត់បាន។

ក្រោយកើតហេតុ សាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍សំបួរមាស៕

មតិយោបល់