កណ្តាលៈ គ្រួសារអ្នកជំងឺនិយាយថាមកពីគ្រូពេទ្យមិនយកចិត្តទុកដាក់ទើបស្លាប់ ហើយសំណូមពរឲ្យគ្រូពេទ្យមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈ ប៉ុន្តែ គ្រូពេទ្យបកស្រាយថា បណ្តាលមកពីស្ថានភាពធ្ងន់ធ្ងរពេក។

លោក វែង ផល្លា ស្វាមីរបស់សពស្ត្រីរងគ្រោះ បាននិយាយថា ភរិយារបស់ខ្លួនដែល ស្លាប់នេះ ឈ្មោះ ហេង មួយគា អាយុ១៩ឆ្នាំ មានកូនស្រីម្នាក់អាយុ១ខួបកន្លះ និងមានទីលំ នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបាន បន្តថា ប្រពន្ធរបស់លោកស្លាប់ដោយសារលេបថ្នាំងងុយដេកអស់ ចំនួន៣០គ្រាប់ ហើយបើសិនជាគ្រូពេទ្យមានការយកចិត្តទុកដាក់ព្យាបាលវិញនោះ ភរិយារបស់ខ្លួនមិនស្លាប់នោះទេ ។ លោកក៏បានប្រាប់ដែរថា ភរិយារបស់ខ្លួន បានលេបថ្នាំនៅម៉ោងប្រមាណ២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក្រោយពីដឹង លោកក៏ប្រញាប់ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ពេលមកដល់ គ្រូពេទ្យបានជួយលាងក្រពះ និងដាក់សេរ៉ូមឲ្យហើយប្រាប់ថា មិនអីទេអាចជួយសង្គ្រោះបាន ព្រោះបានសម្អាតក្រពះរួចរាល់ហើយ ដោយបារម្ភពីប្រពន្ធលោកនិងសាច់ញាតិ តែងទៅសួរគ្រូពេទ្យជារើយៗ ហើយពេទ្យតបថា មិនមានបញ្ហាអ្វីទេរហូតដែរ។ រហូតដល់ម៉ោងប្រមាណ៧ និង៣០យប់ នៅពេលដែលភរិយាធ្វើទុក្ខ លោកបានរត់ទៅហៅគ្រូពេទ្យរហូត៤លើកទើបមកមើល ភ័យពេកលោកក៏ស្នើរសុំឲ្យគ្រូពេទ្យដាក់អុកស៊ីសែនឲ្យ ប៉ុន្តែគ្រូពេទ្យនៅតែនិយាយថាមិនអីដដែល និងប្រាប់ថាបើធ្ងន់ធ្ងរគ្មានលទ្ធភាពនឹងបញ្ជូនទៅពេទ្យនៅភ្នំពេញហើយ។ ធ្វើឱ្យលោកនិងសាច់ញាតិមានទំនុកចិត្ត ហើយនៅខណៈភរិយាត្រដរខ្យល់ ខំរត់ទៅហៅពេទ្យ បែរជាគ្រូពេទ្យស្តីឱ្យថា ចាំបាច់ស្រែកឡូឡា ធ្វើអ្វី និងឃើញបុគ្គលិកម្នាក់មកពិនិត្យរួចដើរចេញទៅវិញ ដោយមិនប្រាប់សូម្បីតែ១មាត់ថា ប្រពន្ធលោកស្លាប់នោះទេ។ ស្វាមីរូបនេះ បានប្រាប់ថាលុះដល់ម៉ោង៨ និង៣០នាទី ភរិយាលោកលោកក៏ដាច់ខ្យល់ស្លាប់ទៅ ហើយលោកពិតជាខកចិត្តយ៉ាងខ្លាំង ហើយនិយាយថា បើគ្រូពេទ្យខ្នះខ្នែងប្រពន្ធខ្លួនមិនស្លាប់នោះទេ ហើយក៏សូមសំណូមពរឱ្យគ្រូពេទ្យទាំងឡាយពិសេសនៅមន្ទីរពេទ្យជ័យជំនះនេះ មានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈរបស់ខ្លួនផង។

អ្នកស្រី ស៊ីមន អ្នកកំដរអ្នកជំងឺនៅក្នុងបន្ទប់លេខ៣ជាមួយគ្នា បានប្រាប់ថា គាត់ឃើញតែក្រុមគ្រួសាររត់ទៅហៅពេទ្យ ហើយគ្រូពេទ្យតែងឆ្លើយថាមិនមានបញ្ហាអ្វីនោះទេ បើមានបញ្ហាគឺបញ្ជូនហើយមិនទុកទេ។

ឆ្លើយតបហ្នឹងការចោទប្រកាន់នេះ លោក វេជ្ជបណ្ឌិត លី មករា អនុប្រធានមន្ទីរពេទ្យជ័យជំនះ និងជាប្រធានក្រុមបច្ចេកទេសផងនោះ បានពន្យល់ថា មិនមែនជាកំហុសរបស់គ្រូពេទ្យមិនយកចិត្តទុកដាក់នោះទេ ប៉ុន្តែ មកពីស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកទៅហើយ ដោយសារថ្នាំបាន ជ្រាបចូលក្នុងសារពាង្គកាយពេញអស់ទៅហើយ។ លោកបន្តថា ធម្មតាថ្នាំ បើយើងលេបចូលទាល់តែ៤៥នាទី ទើបវាជ្រាបចូលក្នុងសារីរាង្គកាយយើង ហើយអ្នកស្លាប់មានបំណងសម្លាប់ខ្លួនទៅហើយ ដូច្នេះ ចំនួនថ្នាំដែលគាត់លេបអាចច្រើនជាងនេះ ហើយពេលវេលាក៏អាចយូរជាងនេះ ហើយការដែលលាងក្រពះគឺអាចសម្អាតតែគ្រាប់ថ្នាំប៉ុណ្ណោះ ប៉ុន្តែថ្នាំរលាយ វាបានជ្រាបចូលក្នុងសសៃរឈាមបេះដូង និងប្រព័ន្ធប្រាសាទអស់ទៅហើយ ហើយថ្នាំដែលអ្នកស្លាប់លេបនេះ ជាប្រភេទថ្នាំរំងាប់អារម្មណ៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត។

ក្រោយពីស្តាប់ការពន្យល់និងជជែកគ្នាអស់ជាច្រើនម៉ោង នៅម៉ោង១២និង៣០រំលងអធ្រាតឈានចូលថ្ងៃទី១៤ មិថុនា ក្រុមគ្រួសារក៏សម្រេចដឹកសពចេញធ្វើបុណ្យនៅឯស្រុកស្នួល ខេត្តក្រចេះ ហើយមន្ទីរពេទ្យបានជួយដឹកសព និងចូលរួមរំលែកទុក្ខចំនួន២០០ដុល្លារ៕











https://youtu.be/fQtE5I0I8Ps
មតិយោបល់