ព័ត៌មានជាតិ

រថយន្តដឹកកម្មករ ឆ្លងផ្លូវមិនប្រយត្ន័បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកកម្មករមួយគ្រឿង បើកឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូគុបជ្រុងមួយគ្រឿង បណ្តាលឲ្យដួលរងការខូចខាតនិងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គរកែវ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កខាងលើមានវ័យប្រហែល៣៧ឆ្នាំ តែមិនបានស្គាល់ពីអត្តសញ្ញាណនោះទេ ។ ចំណែកអ្នកបើកបរម៉ូតូមានឈ្មោះ ខន តុណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ នៅក្នុងតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសភ្នំពេញ (ផ្លូវជាតិលេខ៤) ស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក ម៉ាកកូរេ ពាក់ស្លាកលេខ កណ្តាល 2A-0772 ដែលជារថយន្តដឹកកម្មក កម្មការិនីរោងចក្រ បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ រថយន្តនោះ បានវាយស៊ីញ៉ូឆ្វេងដើម្បីឆ្លងផ្លូវ ចូលទៅច្រូតស្មៅ លុះឆ្លងបានបន្តិចស្រាប់តែមានម៉ូតូគុបមូលមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CH-3397 បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសផ្នែកដៃខាងស្តាំ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ គ្លីនិកបែកចាន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង តែដោយសារតែភាគីខាងរថយន្តនិងម៉ូតូធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបានយល់ព្រមសងសំណងទៅឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់