ខេត្តកណ្តាល: ស្ងាត់មួយរយ:ស្រាប់តែឥលូវចាប់ផ្តើមកក្រើកវិញហើយ បន្ទាប់ពីយប់មិញមានករណីកាប់យកម៉ូតូនិងប៉ុនប៉ងសម្លាប់ នៅក្បែរផ្ទះសំណាក់ភ្នំមាស សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បុរសម្នាក់ត្រូវក្រុមចោរប្រដាប់ដោយដាវ ស្ទាក់កាប់យកម៉ូតូបានសម្រេចភ្លាមៗតែម្តង រួចក្រុមជនល្មើសបានរត់គេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ទល់មុខផ្ទះសំណាក់ភ្នំមាស ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមសម្តីពីបុរសរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1S.4615 ចេញពីញ៉ាំអី ហើយបានជិះម៉ូតូត្រឡប់មកផ្ទះវិញ លុះមកដល់កន្លែងកើតហេតុ ទល់មុខផ្ទះសំណាក់ភ្នំមាស ផ្លូវចូលផ្ទះរបស់ខ្លួន ក៍មានជនសង្ស័យម្នាក់ ឈប់ម៉ូតូឈរចាំមាត់ផ្លូវចូល ហើយមានទាំងដាវកាន់ជាប់ក្នុងដៃទៀត ឃើញដូចនេះ គាត់ក៏បកម៉ូតូថយក្រោយ ស្រាប់តែឃើញជនសង្ស័យ ជិះម៉ូតូពីរគ្រឿងឈរចាំពីក្រោយគាត់ មានបំណងវាយប្លន់យកម៉ូតូរបស់គាត់ ដោយភ្លាមៗនោះ ជនសង្ស័យម្នាក់ដែលកាន់ដាវជាប់ដៃបានរត់សំដៅមករកគាត់យ៉ាងលឿន ហើយជនរងគ្រោះបានបន្តទៀតថា ដោយគ្មានវិធានការ ភ័យខ្លាំងផង ក៏បានផ្តួលម៉ូតូចោល ហើយរត់គេចយករួចខ្លួនសិនតែម្តងទៅ។ ខណ:ពេលដែលជនរងគ្រោះរត់គេចខ្លួនបាត់ ក្រុមចោរប្លន់បានយកម៉ូតូជិះរត់គេចខ្លួន ដោយសុវត្ថិភាពគ្មានរំខានដល់សមត្ថកិច្ចឡើយ។
លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ Post News ថា យប់មិញពិតជាមានករណីប្លន់យកម៉ូតូនៅក្រុងតាខ្មៅពិតប្រាកដមែន។ ដោយជនល្មើសមានគ្នាប្រមាណជិត១០នាក់ ប្រដាប់ដោយដាវកាប់ប្លន់ ហើយមកដល់ពេលនេះ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅ កំពុងដុតដៃដុតជើងតាមប្រមាញ់ក្រុមចោរទាំងនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់