កំពង់ស្ពឺៈ លោកស្នងការងខេត្តកំពង់ស្ពឺ ទទួលបន្ទុកផ្នែកអគ្គិភ័យបានប្រាប់Post News ថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ និងបានរាលដាលឆេះរថយន្តចំនួន២គ្រឿងបន្ថែមទៀត បង្កឲ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះចំនួន២ខ្នងរួចមានទី១មានម្ចាស់ផ្ទះឈ្មោះ ងិន ធី ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ នួន សុខន អាយុ៥៥ឆ្នាំ ដែលផ្ទះខាងលើនេះ សង់ខ្ពស់ពីដី ទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា។ ចំណែកផ្ទះទី២ម្ចាស់ផ្ទះឈ្មោះ ដួង គា ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ នួន សុខា ភេទស្រី អាយុ ៤៥ឆ្នាំដែលផ្ទះសង់ខ្ពស់ពីដី ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ទាំង២គ្រួសារ ស្នាក់នៅភូមិកើតហេតុខាងលើ ។
ក្នុងនោះដែរ អគ្គិភ័យបានបំផ្លាញផ្ទះទាំង២ខ្នងអស់ទាំងស្រុង ,ឆេះរថយន្តអស់ចំនួន២គ្រឿង ក្នុងនោះទី១ម៉ាក ប៉ាជីរ៉ូ និងមួយគ្រឿងទៀតម៉ាក ឡង់គ្រឺស័រ រួមនឹងរាលដាលឆាបឆេះសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។
ក្រោយពីត្រួតពិនិត្យនិងស្រាវជ្រាវរួចមក សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុឲ្យដឹងថា គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ក្នុងផ្ទះរបស់ឈ្មោះ ងិន ធី ទើបបណ្តាលឲ្យមានការឆាបឆេះបែបនេះតែម្តង។
ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៥គ្រឿង រួមមានរថយន្តរបស់ស្នងការដ្ឋានចំនួន២គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុកគងពិសី១គ្រឿង និងរថយន្តរបស់ស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច ឈុន ទ្រី ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៦រថយន្តទើបរលត់ទៅវិញជាស្ថាពរ៕
មតិយោបល់