ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ អាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០%

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ថ្មីៗនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាកដ្ឋានកសិកម្ម ដោយសហការជាមួយវិស័យឯកជន បានណែនាំ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ។ នាយកដ្ឋានបានអះអាងថា ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល។

ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្មជាវិស័យ អាទិភាពក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ តាមរយ:ការដើរតូនាទីជាអ្នកផលិតដើម្បីធានាឲ្យ បាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន សំដៅធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់កសិផល គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិដើម្បីធ្វើការនាំចេញស្របតាមបរិបទទាំងក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងីឆ្លងកូវីដ-១៩ និងជាពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលកម្ពុជា។

ដោយយល់ច្បាស់អំពីគុណប្រយោជន៍នៃបច្ចេកទេសនេះ នាយកដ្ឋានវិស្វកម្មកសិកម្ម បាននិងកំពុងបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាកសិករឲ្យបានទូលំទូលាយតាមរយៈការបណ្តុះបណ្តាល និងអនុវត្តបង្ហាញជាក់ស្តែងបានចំនួន១៨ទីតាំង មានកសិករចូលរួមចំនួន ២៤៨នាក់ នៅក្នុងខេត្តកំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។ ក្រៅពីការងារអនុវត្តបង្ហាញ នាយកដ្ឋានវិស្វកម្មកសិកម្មក៏បានបញ្ជូនមន្រ្តីជំនាញចូលរួមជាគ្រូបង្គោលបណ្តុះបណ្តាលដល់អ្នកម៉ៅការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ និងអ្នកពាក់ព័ន្ធតាមរយៈកម្មវិធី Rice-SDP និង CFAVC ផងដែរ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល និងការអនុវត្តបង្ហាញ គឺដើម្បីផ្សព្វផ្សាយជូនប្រជាកសិករឱ្យមានការយល់ដឹងអំពី៖
• យថាប្រភេទនៃឧបករណ៍ និងសម្ភារប្រើសម្រាប់វាស់ស្ទង់ដី
• វិធីសាស្រ្តវាស់ស្ទង់ស្ថានភាពដីស្រែ
• បច្ចេកទេសរៀបចំដីស្រែឱ្យបានរាបស្មើ ដោយប្រើប្រព័ន្ធឡាហ្ស៊ែរ
• បច្ចេកទេសរៀបចំដីដោយគ្រឿងយន្ត និងឧបករណ៍កសិកម្ម
• អត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ និងសម្ភារប្រើសម្រាប់វាស់ស្ទង់ដី។

ឆ្លងតាមវគ្គបណ្តុះបណ្តាល និងការអនុវត្តបង្ហាញ ប្រជាកសិករមានការចាប់អារម្មណ៍ខ្ពស់ទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍កៀរពង្រាបដី ហើយពួកគាត់បានគាំទ្រ និងចាប់ផ្តើមប្រើប្រាស់បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីលើដីស្រែ និងចម្ការរបស់ពួកគាត់ជាបណ្តើរៗ តាមរយៈការផ្តល់សេវាកម្មពីសំណាក់ក្រុមហ៊ុនឯកជន។ ទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្ម នឹងបន្តផ្សព្វផ្សាយ និងការធ្វើបង្ហាញបច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនេះដល់ប្រជាកសិករឲ្យបានទូលំទូលាយ ហើយសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេស និងឧបករណ៍កៀរពង្រាបដីនឹងយកទៅអនុវត្តក្នុងអនុវិស័យផលិតកម្មដំណាំយ៉ាងទូលំទូលាយនាពេលអនាគត។

 

មតិយោបល់