ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន TPI មួយគ្រឿង បើកបរក្នុងល្បឿនលឿនហួសដែនកំណត់ មិនប្រយ័ត្នបានបើកបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង ពេញផ្លូវ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតរងរបួសស្រាល។ ចំណែករថយន្តបានបើករត់គេចខ្លួនទៅដល់ខាងមុខក្រុមហ៊ុន ស្រាប់តែអ្នកបើកបរបានបើកទ្វាររថយន្តលោតចុះពីលើរថយន្ត ទាំងរថយន្តមិនទាន់ឈប់ ក៏ជ្រុលរថយន្តទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋពេញទំហឹង ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។ រីឯអ្នកបើកបររថយន្ត បានរត់ចូលក្នុងក្រុមហ៊ុនបាត់ស្រមោល ថែមទាំងឲ្យអ្នកក្នុងក្រុមហ៊ុន បិទទ្វាររបងមិនឲ្យនរណាម្នាក់ចូលតាមនោះឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងែទី១៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-7446 រួមដំណើរដោយបុរសម្នាក់អង្គុយពីក្រោយ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្តុបបែកជាបី កែងនិងផ្លូវលេខ២៧១ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-0962 និងមានអក្សរខ្មែរនៅលើក្បាលរថយន្តបញ្ជាក់ថាជាក្រុមហ៊ុនស៊ីម៉ង់ត៍ TPI បើកស្របទិសគ្នាជាមួយម៉ូតូហុងដាឌ្រីមខាងលើ ក្នុងល្បឿនយ៉ាងលឿនហួសដែនកំណត់ បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមខាងលើពីក្រោយយ៉ាងពេញទំហឹងត្រង់ស្តុបបែកជាបីតែម្តង បណ្តាលឲ្យបុរស២នាក់ជិះម៉ូតូហុងដាឌ្រីមខាងលើ ហោះផ្លោងចេញពីម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ។
ប្រភពដដែលបន្តថា ភ្លាមៗអ្នកបើកបររថយន្តមិនបានឈប់ចុះមកដោះស្រាយនោះទេ ហើយបានបើករថយន្តថយក្រោយ កិនម៉ូតូមួយគ្រឿងទៀត ប៉ុន្តែសំណាងល្អដែលអ្នកជិះម៉ូតូលោតចេញពីម៉ូតូទាន់ ខូចខាតតែម៉ូតូប៉ុណ្ណោះ រីឯអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ នៅតែមិនព្រមឈប់រថយន្ត បន្តថយរថយន្តជ្រុលទៅបុករថយន្តឡិចស៊ីស ដែលកំពុងធ្វើដំណើរតាមផ្លូវមួយគ្រឿងទៀត បណ្តាលឲ្យរថយន្តឡិចស៊ីស រងការខូចខាតបន្តិចបន្តួច ចំណែកអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ បានបួងចង្កូតរថយន្ត បើករត់ទៅក្រុមហ៊ុនរបស់ខ្លួន ខណៈដែលបើកដល់មុខក្រុមហ៊ុនហើយ អ្នកបើកបររថយន្តបានលោតចេញពីលើរថយន្ត ទាំងរថយន្តមិនទាន់អស់ល្បឿន ក៏បណ្តាលឲ្យរថយន្តជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋពេញទំហឹងបន្ថែមទៀត សំណាងល្អដែលមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។
ចំណែកអ្នកបើករថយន្តបង្កខាងលើ បានរត់ចូលក្រុមហ៊ុនគេចខ្លួនបាត់ស្រមោលតែម្តង ហើយក្រុមហ៊ុនបានបិទទ្វាររបងក្រុមហ៊ុន ដោយមិនឲ្យប្រជាពលរដ្ឋដែលដេញតាមពីក្រោយចូលតាមនោះទេ។ ចំពោះហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើយ៉ាងខ្លាំងតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ តាមផ្លូវច្បាប់បន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់