ភ្នំពេញៈ រថយន្តសណ្តោងដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនចាក់ក្រីទីង បើកបួងចង្កួតជាន់ហ្វ្រាំងគេចពីម៉ូតូបើកខាងមុខ បណ្តាលឲ្យក្រឡាប់ដេកស្តូកនៅចិញ្ចើមផ្លូវ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង នៅត្រង់ចំណុចរង្វង់មូលទី២ ពីស្ពានលីយ៉ុងផាត់ត្រើយខាងកើត ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តមានឈ្មោះ ចែម រតនា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាសង ឃុំស្រង៉ា ស្រុកព្រៃឈរ ខេត្តកំពង់ចាម(របួសស្រាល) បើករថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-0859។
ប្រភពព័ត៌មាន ពីអ្នកបើករថយន្ត បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដឹកស៊ីម៉ង់ត៍ចេញពីក្រុមហ៊ុនចាក់ក្រីទីង ដែលមានទីតាំងនៅខេត្តកំពត ហើយគាត់បានបម្រុងនឹងបត់ចូលការដ្ឋានមួយកន្លែង នៅឃុំវិហារសួគ៌ខេត្តកណ្តាល ស្ថិតតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើត បើកក្នុងល្បឿនលឿនគួរសម លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរស្របទិសគ្នាជាមួយរថយន្ត ខណៈនោះម៉ូតូបានគេចខ្សាច់ចូលខាងចំណែកផ្លូវរថយន្តរបស់ខ្លួន ភ្លាមៗនោះរូបគាត់បានបួងចង្កូតគេចមកខាងឆ្វេងដៃជាន់ហ្វ្រាំងផ្អឹប បណ្តាលឲ្យឃ្លោងរថយន្តក្រឡាប់មកខាងស្តាំដៃ អូសជិត១០ម៉ែត្រដេកស្តូកនៅចិញ្ចើមផ្លូវតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដោយបានឃើញរថយន្តខាងលើក្រឡាប់ដោយខ្លួនឯងហើយមិនមិនមានប៉ះដល់ពាល់ដល់អ្នកធ្វើដំណើតាមដងផ្លូវ រួចក៏ប្រាប់ឲ្យអ្នកបើករថយន្តខាងលើ ទៅហៅរថយន្តស្ទូចមកស្ទូច ដើម្បីយកទៅជួសជុលនៅការ៉ាស់ឡាន។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋដែលបានធ្វើដំណើតាមដងផ្លូវ មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារនៅតាមដងផ្លូវខាងលើ មានរថយន្តធុនធំៗ បើកក្នុងល្បឿនលឿនៗ ដោយគ្មានការប្រុងប្រយ័ត្ន ទើបកន្លងមកនេះ តែងបណ្តាលឲ្យមានគ្រោះថ្នាក់ជាញឹកញាប់ តែសំណាងល្អហើយចំពោះករណីខាងលើនេះ ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងនោះ៕
https://youtu.be/50rQmIFVk_I
មតិយោបល់