ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្ត២គ្រឿងបើកបរមិនចេះគោរពនិងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទើបបង្កឲ្យមានគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុនោះ គឺរថយន្តទាំងពីរគ្រឿងខាងលើ ដោយ១គ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-3723 បើកបរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតា ធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2N-6078 បើកបរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មមដូចគ្នា ហើយបានបុកគ្នាចំក្បាលរថយន្តទាំងពីរគ្រឿងតែម្ដង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតខាងមុខទាំងសងខាងដូចគ្នា សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានចុះដោះស្រាយគ្នាដែរ តែមិនត្រូវរូវគ្នានោះទេ ព្រោះតែចង់យកត្រូវរៀងៗខ្លួន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយគ្នានៅពេលក្រោយ៕


មតិយោបល់