ព័ត៌មានកីឡា

Morinho កំពុងធ្វើឲ្យការដោះដូរកីឡាករជាមួយ​ Real Madrid កាន់តែស្មុគស្មាញ

បើយោងទៅតាម Daily Mail បានឲ្យដឹងថា អ្នកចាតមការទូទៅរបស់ក្រុមបីសាចក្រហម Manchester United លោក Jose Mourinho កំពុងតែធ្វើឲ្យមានភាពតានតឹង ក្នុងការដោះដូរកីឡាករជាមួយ Real Madrid ។

រឿងមួយដែលនឹកស្មានមិនដល់ លោក Jose Mourinho បានទាមទារតម្លៃខ្លួនរបស់ Devid De Gea ដល់ទៅ ១០០លានផោន ប្រសិនបើ Real Madrid ចង់បានអ្នកចាំទីរូបនេះ។ ការទាមទារបែបនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ ការនាំយក Alvaro Morata មកកាន់ Man Utd ព្រោះថាក្លិបទាំង២ បានយល់ព្រមក្នុងតម្លៃជិត ៧០លានផោនមកហើយ។ ក៍ប៉ុន្តែ នៅក្នុងការចុះផ្សាយចុងក្រោយនេះ របស់ Daily Mail បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោក Mourinho បានទាមទារតម្លៃលក់អ្នកចាំទី De Gea ខ្ពស់ហួសប្រមាណពេក។

Daily Mail បានឲ្យដឹងថា ប្រសិនបើ Real Madrid ចង់បាន Devid De Gea ពួកគេត្រូវចំណាយរហូតដល់ទៅ ១០០លានផោន តែអាចនៅថយត្រឹម ៤៥លានផោន នៅពេលដែលដំណោះស្រាយ ដោយថែម Morata មក Man Utd វិញ។ ដូច្នេះ ការនិយាយបែបនេះ មានន័យថា ៤៥លានផោន បូកនឹងខ្សែប្រយុទ្ធ Alvaro Morata ទើប Real Madrid អាចនាំយកអ្នកចាំទី Devid De Gea បាន។

ប្រសិនបើរឿងបែបនេះ កើតឡើងមែន វានឹងអាចធ្វើឲ្យបញ្ហានៃការដោះដូរ កីឡាកររវាងក្លិបទាំង២ ប្រឈមនឹងបញ្ហាជាក់ជាមិនខាន ព្រោះថា ការចុះផ្សាយប៉ុន្មានថ្ងៃនេះ បានឲ្យដឹងថា Morata នឹងចុះកុងត្រាជាមួយ Man Utd នៅសប្តាហ៍ក្រោយនេះ។ យ៉ាងណាក៍ដោយ រឿងរ៉ាវនេះ កំពុងតែក្លាយជាបញ្ហាចោទ ដែលតម្រូវឲ្យតាមដានបន្តទៀត នៅពេលដែលរដូវកាលដោះដូរកីឡាករមកដល់៕

មតិយោបល់