ព័ត៌មានជាតិ

ជាប់គុកម្តងមិនរាង! ចាប់ដៃគូនឹងអ្នកកាសែតសម្រិតព្រះខែ ចេញលួចជាប់ខ្នោះដដែល 

កណ្តាល: បុរស២នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចុះល្បាតឃាត់ខ្លួន បន្ទាប់ពីប្រទះឃើញថាជាមុខសញ្ញាសង្ស័យ ហើយបានហៅឲ្យឈប់ តែមិនព្រមឈប់ជិះរត់គេចបានប្រហែល២គីឡូម៉ែត្រ ទើបឃាត់បាន ត្រួតពិនិត្យរកឃើញវត្ថុតាងជាសម្ភារ:មួយចំនួនផងដែរ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួន ទី១ឈ្មោះ ទូច ធារ៉ា ភេទប្រុស​ អាយុ៤៧ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកកាសែត (សម្រិតព្រះខែ) នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២ឈ្មោះ ឈឿន ឌឿ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលមួយឆ្នាំពីបទជួញដូរសារធាតុញៀន)។

តាមប្រភពព័ត៌បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញអធិការដ្ធាននគរបាលស្រុកល្បាតតាមបណ្តោយផ្លូវជាតិលេខ៤ ប្រទះឃើញមុខសញ្ញាសង្ស័យ ហើយបានហៅឲ្យឈប់ តែមិនព្រមឈប់ ជិះរត់គេចបានប្រហែល២គីឡូម៉ែត្រ ទើបឃាត់បាន ត្រួតពិនិត្យរកឃើញវត្ថុតាងមួយចំនួនដូចជា ដែកអក្សរ T សម្រាប់កាច់សោករម៉ូតូចំនួន១ ដង្កាប់ចំនួន២ សោលេខ១០ចំនួន១ តួនើវិសចំនួន១ រណាអាដែកចំនួន១ អាយកូម GP 308 ចំនួន១ ទូរស័ព្ទដៃម៉ាក True ចំនួន២គ្រឿង។ ប័ណ្ណសារព័ត៌មានសម្រិតព្រះខែចំនួន២សន្លឹក កាបូបស្ពាយពណ៌ខ្មៅចំនួន១ និងម៉ូតូម៉ាកសង់តែមឆេះសេរីចាស់ចំនួន១គ្រឿង។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឿន ឌឿ ឆ្លើយថាដែកអក្ស T ជារបស់ឈ្មោះ ទូច ធារ៉ា។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងខាងលើកសាងសំណុំរឿងដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

 

មតិយោបល់