ព័ត៌មានបច្ចេកវិទ្យា

Vivo អាចនឹងកាច់ Samsung និង Apple លើបច្ចេកវិទ្យាដែលពិភពលោកកំពុងទន្ទឹងរង់ចាំ

អស់ពេលជាយូរមកហើយដែលពិភពលោកកំពុងទន្ទឹងរង់ចាំវត្តមាននៃបច្ចេក វិទ្យាស្គេនក្រយៅដៃបំពាក់ក្រោមស្រ​ទាប់អេក្រង់ខាងមុខរបស់ទូរសព្ទដៃ Samsung និង iPhone ស៊េរីថ្មីៗ។ តែរហូតមកទល់ពេលនេះ វានៅតែឋិតជាសំណួរដែលគ្មានចម្លើយនៅឡើយ។ ពោលគឺ វានៅតែឋិតក្នុងភាពស្រពិចស្រពិល មិនដឹងថាតើ​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សអាមេរិក និងកូរ៉េ អាចនឹងពាំនាំបច្ចេក​វិទ្យាជាន់ខ្ពស់នេះមកជាមួយ Galaxy Note 8 និង iPhone 8 ដែរឬយ៉ាងណានោះទេ។

ស្របពេលជាមួយគ្នានេះ របាយការណ៍ថ្មីមួយ ដោយភ្ជាប់មកជាមួយវីដេអូឃ្លីបដ៏ខ្លីត្រូវបានទម្លាយចេញ បង្ហាញពីវត្តមានទូរសព្ទដៃដ៏អាថ៍កំបាំងមួយរបស់ក្រុមហ៊ុន Vivo ដោយមានបំពាក់បន្ទះស្គេនក្រយៅដៃនៅលើផ្ទៃអេក្រង់ខាងមុខផ្ទាល់តែម្តង។

ព័ត៌មាននេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ Android Authority ដោយស្រង់ប្រភពពីអ្នកស្រាវជ្រាវម្នាក់ឈ្មោះ Jiutang Pan ជាអ្នកដែលបានចែកចាយវីដេអូសម្ងាត់នេះនៅលើបណ្តាញសង្គម Weibo របស់ចិន។

យោងតាមលោក Pan ក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន Vivo នឹងបញ្ចេញទូរសព្ទដៃស៊េរីថ្មីមួយ ដែលមានបំពាក់បច្ចេកវិទ្យាស្គេនក្រយៅដៃនៅពីលើស្រទាប់កញ្ចក់អេក្រង់ នៅប្រមាណពីរបីខាងមុខ ដែលបច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវគេរាយការណ៍កន្លងមកថា ទាំង Samsung និង Apple មិនទាន់អាចធ្វើបាននៅឡើយ​ជាមួយ Note 8 និង iPhone 8 ដែលគេរំពឹងថានឹងប្រកាសចេញនៅមុន ឬក្នុង​ខែកញ្ញា។

//giphy.com/gifs/vivo-fingeprint-scanner-xUA7bj4xOiX7F3GZoY

នៅក្នុងវីដេអូនោះ យើងឃើញស្មាតហ្វូនមួយម៉ូឌែលកំពុងជាប់សោអេក្រង់ តែក្រោយពីយកម្រាមមេដៃទៅដាក់លើអេក្រង់ត្រង់សញ្ញាស្កេនក្រយៅដៃមក ទូរសព្ទក៏លោតចូលទៅកាន់កម្មវិធីខាងក្នុងភ្លាមៗតែម្តង៕

ប្រភពព័ត៌មាន: mashable

មតិយោបល់