ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឥណ្ឌូឆាយណាហ្វាម៉ា តាមពាក្យបណ្តឹងចោទថាបន្លំយកលុយអស់ជិត៦ម៉ឺនដុល្លារ

ភ្នំពេញ: បុរសជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនឥណ្ឌូឆាយណាហ្វាម៉ាម្នាក់ ត្រូវបានរងបណ្តឹងចោទថាប្រើល្បិចបន្លំលុយក្រុមហ៊ុនខាងលើជិត៦ម៉ឺនដុល្លារ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ជនសង្ស័យមានឈ្មោះ សុខ ចាន់តូ អាយុ៣៨ឆ្នាំ ភេទប្រុស មុខរបរ បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនខាងលើ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិស្វាយរមៀត ឃុំស្វាយរមៀតស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

រីឯជនរងគ្រោះជាម្ចាស់ក្រុមហ៊ុនមានឈ្មោះ អៀប ពៅ អាយុ៤៧ឆ្នាំ ភេទស្រី មុខរបរ ប្រធានក្រុមហ៊ុនឥណ្ឌូឆាយណាហ្វាម៉ា ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានជនរងគ្រោះនិងបុគ្គលិកក្រុមហ៊ុនម្នាក់ទៀត ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចហើយដោយផ្អែកតាមពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកសាកសួនៅអធិការដ្ឋានខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ហើយទីតាំងក្រុមហ៊ុនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើល្បិចបន្លំយកប្រាក់របស់ក្រុមហ៊ុនខាងលើជិត៦ម៉ឺនដុល្លារមែន ដោយរូបគេបានយកលុយទាំងនោះទៅចាយវាយនិងលេងល្បែងអស់ហើយ។

បើតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទឹកប្រាក់សរុបដែលជនសង្ស័យប្រើល្បិចយកប្រាក់ក្រុមហ៊ុនអស់ចំនួន៥៩៧៧២ដុល្លារ ជនសង្ស័យបានចូលបំរើការងារចាប់តាំងពីខែតុលា ឆ្នាំ២០១៣ រហូតដល់ខែមិថុនា ឆ្នាំ២០១៧ ដោយក្នុងចន្លោះនេះជនស្ស័យប្រមូលលុយពីអតិថិជនរបស់ក្រុមហ៊ុនយកទៅចាយវាយផ្ទាល់ខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់