ភ្នំពេញៈ យោងតាមពិធីបើកសម្ពោធកាលពីថ្ងៃទី១៧ សីហា ម្សិលមិញ ខ្សែរឿង«គំនុំខ្មោចក្រមុំទាំង៣»ដែលមានអ្នកលេងហ្វេសប៊ុកភាគច្រើនផ្ដោតការចាប់អារម្មណ៍តាំងពីចេញTrailer នោះ នឹងដាក់បញ្ចាំងផ្លូវការគ្រប់រោងភាពយន្តទំនើបនៅភ្នំពេញ និងខេត្តសៀមរាបចាប់ពីថ្ងៃនេះហើយ។ គម្រោងដាក់បញ្ចាំងនេះត្រូវបានផលិតកររំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យ ដោយសារតែមានការអះអាងថាការផលិតរឿងនេះ គឺក្រៅពីបានចំណាយខ្ពស់ ក៏ត្រូវបានសម្រាំងខុសពីរឿងដុំក្នុងផលិតកម្មផ្សេង។
លោកខន រ៉ាម៉ន ហៅយូអ៊ីន អ្នកចាត់ការទូទៅប្រចាំផលិតកម្មបដិហារ្យភាពយន្ត និងជាតួសម្ដែងនៅក្នុងរឿងនេះបានអះអាងថា ខ្សែរឿង«គំនុំខ្មោចក្រមុំទាំង៣» បានចំណាយពេលថតសុទ្ធប្រមាណជាង៣ខែ ដោយសារតែក្រុមអ្នកផលិតចង់បានឈុតឆាកនីមួយៗមានភាពឥតខ្មោះ និងមិនចង់ឲ្យតួបង្ខំចិត្តសម្ដែងទាំងហត់ទាំងនឿយ។ លោកថារឿងនេះចំណាយទុនជិត៦ម៉ឺនដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើសម្ភារៈ និងការចំណាយលើការបណ្ដុះក្រុមបច្ចេកទេសនៅឡើយទេ។ លោកថារឿងនេះក្រៅពីពោរពេញដោយភាពកំប្លែង ភ័យរន្ធត់ ក៏និយាយពីភាពភ្លើតភ្លើនក្នុងន័យអប់រំដល់យុវវ័យឲ្យយល់ពីលទ្ធផលនៃការភ្លើតភ្លើនស្នេហាផងដែរ។
លោកស៊ុម ភារិន ចាងហ្វាងផលិតកម្ម«បដិហារ្យភាពយន្ត»បានអះអាងថាសាច់រឿងទាំងស្រុងរបស់«គំនុំខ្មោចក្រមុំទាំង៣» គឺជារឿងដែលលោកនិពន្ធដោយផ្ទាល់ និងធានាទាំងស្រុងថាមិនមានការលួចចម្លងពីសាច់រឿងណាមួយឡើយ។ លោកថាខ្សែរឿងមួយនេះ សម្ដែងដោយតួអង្គ៣គូគឺលោកណាខុន គូជាមួយនឹងកញ្ញា ស៊ី សុខារ៉ាឌី គូទី២លោកយូអ៊ីន គូនឹងកញ្ញា ដួង ម៉ានិច និងនាយចឺម គូជាមួយនឹងកញ្ញា នីតា វរវង្ស។ ក្រៅពីតួអង្គធំៗទាំង៦ រឿងនេះក៏ចូលរួមសម្ដែងដោយតារាល្បីៗដូចជា នាយចេក យាយយ៉យ យាយយក្ស និងតួអង្គកំប្លុកកំប្លែងជាច្រើនទៀត ទើបធ្វើឲ្យផលិតកររឿងនេះ រំពឹងពីទំហំជោគជ័យ។ ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងពិធីសម្ពោធរឿង «គំនុំខ្មោចក្រមុំទាំង៣»ដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអនកាលពីថ្ងៃទី១៦ សីហា៖
មតិយោបល់