ព័ត៌មានជាតិ

បង្ក្រាបបានហើយ! សំបុកគ្រឿងញៀននិងជាក្រុមចោរប្លន់ដាវស៊ាំម៉ូរ៉ៃពេលយប់ក្នុងវត្តកោះ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាប បង្ក្រាបក្រុមអ្នកប្រើប្រាស់គ្រឿងញឿន និងជាសំបុកក្រុមចោរប្លន់ ដាវសាំម៉ូរ៉ៃផងដែរ ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តកោះ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ វណ្ណ ចាន់ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ក្នុងវត្តកោះ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជនសង្ស័យទី២មានឈ្មោះ វន្នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើសអេតចាយស្នាក់នៅវត្តកោះ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបានរាយការណ៍យ៉ាងសម្ងាត់មកថាមានក្រុមជនសង្ស័យប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងវត្តកោះ ទើបកម្លាំងនគរបាលបានធ្វើការស៊ើបអង្កេត អស់រយ:ពេលជាយូរហូតមកដល់យប់កើតហេតុ ក៏បើកប្រតិបត្តិការចុះបង្ក្រាបតែម្តង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និង២នាក់ទៀតគេចខ្លួនបាត់។

ក្នុងការបង្ក្រាបនោះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតបានថ្នាំញៀន២កញ្ចប់តូច និងដាវស៊ាំម៉ូរ៉ៃ កាំបិត ពូថៅ ជាច្រើនដើម ដែលជាឧបករណ៍សម្រាប់ពួកគេធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនិងទ្រព្យសម្បត្តិពីប្រជាពលរដ្ឋកន្លងមក។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យហើយនោះ សមត្ថកិច្ចបានធ្វើការនាំខ្លួនទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់