ព័ត៌មានជាតិ

ជិះម៉ូតូជែងជ្រុលទៅបុករថយន្តកាមរីប៉ាឡែន របួសធ្ងន់ស្រាល២នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកកាមរីបាឡែន និងម៉ូតូសង់សេ១២៥ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-6902 បើកបរដោយឈ្មោះ ខែម ណុប ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយបុរសម្នាក់ទៀតឈ្មោះ មិ ចាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំ ស្រុកជាមួយគ្នា បើកបរក្នុងទិសដៅពីជើងមកត្បូង (ពីភ្នំពេញមកតាកែវ) លុះមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើ បានជែងនិងបុករថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2880 បើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ជើងខាងឆ្វេងនិងម្នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររថយន្តវិញ បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង នាំយកទៅរក្សាទុកនៅអធិការដ្ឋាន បណ្ដោះអាសន្នដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់