ព័ត៌មានជាតិ

គ្រាប់​រ៉ុក្កែត​ចំនួន​ ០២​គ្រាប់​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស​អ៊ី​រ៉ា​ក់​ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​អ្នកម៉ៅការ​​សហរដ្ឋអាមេរិក​

កាលពី​ថ្ងៃអាទិត្យ​ ក្រុម​មន្ត្រី​សន្តិសុខ​អ៊ី​រ៉ា​ក់បាន​និយាយ​ថា​ គ្រាប់​រ៉ុក្កែត​ចំនួន​ ០២​គ្រាប់​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ជនបទ​មួយ​នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស​អ៊ី​រ៉ា​ក់​ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​អ្នកម៉ៅការ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ និង​រង​របួស​ទេ​។​

​យោធា​អ៊ី​រ៉ា​ក់បាន​និយាយ​ថា​ គ្រាប់​រ៉ុក្កែត​ជា​ច្រើន​បាន​ធ្លាក់​នៅ​លើ​របង​ខាងក្រៅ​នៃ​មូលដ្ឋាន​យោធា​អ៊ី​រ៉ា​ក់​។​

​ក្រុម​មន្ត្រី​សន្តិសុខ​បាន​និយាយ​ថា​ ការ​ស៊ើបអង្កេត​ដំបូង​បាន​បង្ហាញ​ថា​វាយប្រហារ​សំដៅ​ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស​ Balad​ ភាគ​ខាងជើង​នៃ​ក្រុង​បាក​ដា​ដ​ ប៉ុន្តែ​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​បាន​ធ្លាក់​ខុស​គោលដៅ​ ហើយ​បាន​ធ្លាក់​ទៅ​លើ​ភូមិ​ al-Bu​ Asi​ នៅ​ភាគ​អាគ្នេយ៍​។​

​ការ​វាយប្រហារ​ចុង​ក្រោយ​ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស​ Balad​ គឺ​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត​យ៉ាងតិច​ចំនួន​ ០៥​គ្រាប់​ បាន​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​នោះ​។​

​មិន​មាន​ក្រុម​ណាមួយ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​ភ្លាមៗ​នោះ​ទេ​ ប៉ុន្តែ​មន្ត្រី​អ៊ី​រ៉ា​ក់មួយ​ចំនួន​បាន​និយាយ​ថា​ ក្រុម​ប្រដាប់​អាវុធ​ទាំងនោះ​ត្រូវ​បាន​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ ដោយ​បាន​អះអាង​ថា​មាន​ឧប្បត្តិហេតុ​ស្រ​ដៀង​គ្នា​នេះ​បាន​កើតឡើង​កាលពី​ពេល​កន្លង​មក​។​

​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ស្តីបន្ទោស​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ចំពោះ​ការ​វាយប្រហារ​រ៉ុក្កែត​ជា​ប្រចាំ​ទៅ​លើ​ទីតាំង​របស់​សហរដ្ឋអាមេរិក​នៅ​អ៊ី​រ៉ា​ក់​ រួម​ទាំង​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​បាក​ដា​ដ​ផង​ដែរ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់